Showing posts with label News. Show all posts
Showing posts with label News. Show all posts

ត្រឹមតែ​រូបថត​តែ​២​សន្លឹក ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ធ្វើការ​ចែករំលែក​ជា​បន្ត​បន្ទាប់​

រាជធានី​ភ្នំពេញ:  រយៈពេល​១៦​ម៉ោង​បន្ទាប់ រូបភាព​ទាំងនោះ ត្រូវបាន​ទំព័រ​បណ្តាញ​សង្គម​មួយ​ឈ្មោះ “Because of you” ចែកជា​តំណ​រហូតដល់​១១០០ ជាមួយនឹង​ប្រយោគ​មួយ​ឃ្លា​ថា ៖« ខ្ញុំ​ឃើញ​មនុស្ស​មួយចំនួន​Share​រូប​របស់គាត់​ហើយ​បាន​ប្រើពាក្យ​មិន​សមរម្យ​ដល់​គាត់​ជាច្រើន​ដែរ​..


ខ្ញុំ​គ្រាន់តែ​ឆ្ងល់​ថា​.. ហេតុ​អី​បាន​ទៅ​Share​រូប​របស់គាត់​ហើយ​ជេរ​គាត់​ទៀត សុំ​សួរ​តិច​មើល​? តើ​គាត់​បាន​ទៅធ្វើ​អី​អ្នកឯង​បានជា អ្នកឯង​នឹង​ប្រើពាក្យ​សំដី​មិន​សមរម្យ​ទៅលើ​ខ្លួន​គាត់​ផ្ទាល់​៕


​គាត់​គ្រាន់តែ​Post​រូប​Sexy​តែ​គាត់​សោះ មានបាន​ទៅធ្វើ​អំពើ​ច្បាប់​ខុស​ក្នុងប្រទេស​អី​ណា​.. ឥលូវ​ឧទាហរណ៍​ថា​មាន​គេ​Share រូប​អ្នកឯង​ដូចគ្នា​ថែមទាំង​ប្រើពាក្យ​មិន​សមរម្យ​ដាក់​អ្នកឯង​ដូចគ្នា​ដែរ ? ខ្ញុំ​ជឿថា​អ្នកឯង​ក៏​ចេះ​អន់ចិត្ត ខឹង ដូចជា​គេ​ដែល​…






ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថាការដាច់ចន្តរអគ្គិសនី ថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក មិនជាប់ពាក់ព័ន្ធ នឹងសញ្ញាការធ្វើភេរវកម្មអ្វីនោះទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានចេញឃ្លីបវីឌីអូពិសេសមួយដែល មានរយៈប្រមាណជិត៦នាទី ដើម្បីបកស្រាយ និងជម្រាបទៅដល់សាធារណៈជន ដើម្បីបញ្ចៀសក្ដីបាម្ភថា ការដាច់ចន្តរអគ្គិសនី ថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក អាចជាប់ពាក់ព័ន្ធ នឹងសញ្ញាការធ្វើភេរវកម្ម។

ភ្លាមៗក្រោយមាន ការផ្ញាក់ផ្អើលពីបណ្ដារអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ពីករណី ដាច់ចន្តរអគ្គិសនី នៅក្នុងទូទាំងប្រទេសកម្ពុជា នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងជម្រាបប្រាប់ទៅដល់ប្រជាពលរដ្ឋទូរទាំងប្រទេស ពិសេសអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សម្ដេចបានបង្ហោះសារពិសេសនោះ ក្នុងFacebook Page របស់សម្តេចថា ការដាច់ចរន្តអគ្គិសនីនៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាលខេត្តនានា ស្ទើរពេញផ្ទៃប្រទេសនេះ គឺមិនមែនជាការធ្វើភេរវកម្មអ្វីនោះទេ គឺជាការដាក់ចរន្តអគ្គិសនីតែម្តង ដែលជាចរន្តទិញមកពីប្រទេសវៀតណាម។


សម្តេចបានថ្លែងបញ្ជាក់ថា «ការដាក់ចរន្តអគ្គិសនីនេះ មិនមែនជាចេតនាខាងនយោបាយរបស់ខាងណាមួយ ឬក៏មិនមែនជាឧប្បទ្ទហេតុដែលអាចកើតឡើងនូវការវាយប្រហារភេរវកម្មនោះទេ សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងមានការយោគយល់ អធ្យាស្រ័យចំពោះអ្វីដែលបានកើតឡើង ក្នុងពេលប្រជាពលរដ្ឋកំពុងរីករាយសប្បាយក្នុងយប់ចុងក្រោយ នៃព្រះរាជពិធីបុណ្យអំទូក អកអំបុក បណ្តែតព្រះទីប និងសំពះព្រះខែ»៕


កម្ពុជា នឹងចំណាយ ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍផ្លូវជាតិលេខ ៥ ពីភ្នំពេញទៅប៉ោយប៉ែត

ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគីរវាង ថ្នាក់ដឹកនាំកំពូលរដ្ឋាភិបាលជប៉ុន និងថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំជប៉ុនបានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់កម្ចីសម្បទានចំនួន ១៥០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍផ្លូវជាតិលេខ ៥ ពីភ្នំពេញ ទៅប៉ោយប៉ែត​ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូមន្ត្រីរដ្ឋាភិបាល បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីពេលថ្មីៗកន្លងទៅនេះ នៅព្រលាន​​យន្ត​ហោះ​អន្តរជាតិភ្នំពេញ។​
យ៉ាងណាមិញ ទាក់ទងទៅនឹងការចាប់ផ្តើមអភិវឌ្ឍផ្លូវជាតិមួយនេះ មិនទាន់បានដឹងជាក់ច្បាស់នៅឡើយនោះទេ។​
ផ្លូវ​ជាតិ​លេខ ៥ ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​ មិន​គ្រាន់​តែ​ចំពោះ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ផង​ដែរ។ ផ្លូវ​ជាតិ​លេខ ១ ផ្លូវ​ជាតិ​លេខ ៥ និង​ស្ពាន​អ្នក​លឿង ជា​ផ្នែក​មួយ​នៃ​ផ្លូវ​ជាតិ​អាស៊ាន ហើយវា​គឺជា​ផ្នែក​មួយ​ នៃ​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​ត្បូង​នៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ។ បន្ថែមលើនេះទៅទៀត ការអភិវឌ្ឍ​ផ្លូវជាតិលេខ ៥ ​នេះ ​នឹង​កែលម្អ​ការ​ដឹក​ជញ្ជូន និង​ភ័ស្តុភារ ហើយជា​លទ្ធផល​នឹង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សម្រាប់​ប្រទេស​កម្ពុជា និង​សម្រាប់​​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ផង​ដែរ។
ជប៉ុនគឺជាប្រទេសមួយ ដែលបានផ្តល់ជំនួយធំជាងគេដល់កម្ពុជា។ ជំនួយជប៉ុននាំមកនូវការលូតលាស់របស់កម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធានាសាស្រ្ត អគ្គិសនី ក៏ដូចជា តំបន់សេដ្ឋកិច្ចពិសេសដែលប្រការទាំងនោះ សុទ្ធសឹងតែគាំទ្រ ដោយវិនិយោគជប៉ុន ក្នុងន័យធ្វើយ៉ាងណាឲ្យមានការកើនឡើង អ្នកវិនិយោគជប៉ុន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕

មនុស្ស​១៤៧​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំ​ក្នុង​២០១៥

ខេត្ត​បន្ទាយមានជ័យ៖ ​របាយការណ៍​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​ឱ្យ​ដឹង​ថា​ មាន​មនុស្ស​ ប្រមាណ​១៤៧​នាក់​បាន​ស្លាប់​ និង​៤៤០​នាក់​ផ្សេង​ទៀត​រង​របួស​ ធ្ងន់​និង​ស្រាល​ក្នុង​ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ប្រចាំ​ឆ្នាំ​២០១៥​នេះ​ ដែល​បាន​កើត​ ឡើង​ចំនួន​២៨៨​ករណី​។

លោក​វរសេនីយ៍ត្រី​ សួន នីប៉ូ នាយ​រង​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ខេត្ត​បាន​ឱ្យ​ ដឹង​កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ​ថា នៅ​ឆ្នាំ​នេះ​តួលេខ​អ្នក​ស្លាប់ និង​របួស​ធ្ងន់​ស្រាល​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ក្នុង​ខេត្ត​នេះ​ ឃើញ​ថា​នៅ​តែ​មាន​ច្រើន​ ទោះ​បី​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​ដែល​បាន​កើត​ឡើង​មាន​ការ​ថយ​ចុះ​ចំនួន​ ១៨​ករណី​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​ កើត​ឡើង​ចំនួន​៣០៦​ករណី។

លោក​បាន​ឱ្យ​ទៀត​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ដោយ​កត្តា​មនុស្ស​ចំនួន​២៨០​ករណី ​ដោយ​​​យានយន្ត​៦​ករណី ​អាកាសធាតុ​១​ករណី និង​កត្តា​ផ្លូវ​១​ករណី​។ ​​មាន​ជនសង្ស័យ ​ចំនួន​១១​នាក់​ជា​អ្នក​បើកបរ​បង្កហេតុ​ត្រូវ​បាន​​ក​សា​ង​ សំណុំរឿង​ចាប់​បញ្ជូន​ទៅកាន់​តុលាការ​យក ទៅ​​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​រួចហើយ​ផង​ដែរ​។​

លោក​វរសេនីយ៍ត្រី សួន នីប៉ូ បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ​នៅ​ក្នុង​រយៈពេល​នេះ​កម្លាំង​នគរបាល​ចរាចរណ៍ បាន​ចុះ​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជូន​ដល់​មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​សិស្ស​និស្សិត​នៅ​  តាម​សាលារៀន​នានា​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​ចេះដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ហើយ​ឱ្យ​នាំគ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នេះ​ដើម្បី​ការពារ​ ទប់ស្កាត់ និង​បញ្ចៀស​នូវ​ការ​រង​គ្រោះ​បាត់បង់ជីវិត​និង​ទទួល​រង​របួស​ដោយ​ការ​ប្រការ​ ផ្សេងៗ ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ។​​​ 

គិត​ជា​មធ្យម​នៅ​ទូទាំង​ប្រទេស​ត្រូវ​គេ​មើល​ឃើញ​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ស្លាប់​ពី​៥ ​ទៅ​៦​នាក់​ ក្នុង​១​ថ្ងៃ​។ មិន​តែ​ប៉ុណ្ណោះ​​កម្លាំង​នគរបាល​ចរាចរណ៍​បាន​រឹត​បន្តឹង​នូវ​ការ​ត្រួត​ពិ​និត្យ​ តាម​ដង​ផ្លូវ​នោះ​ផង​ដែរ​។ ​​​លោក​​បាន​អំពាវ នាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ ​ បើកបរ​មានការ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​បន្ទាយ​មានជ័យ​នេះ៕​

ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេជោ នឹង​ស្ថាបនា​រួច​នៅ​ឆ្នាំ​២០២០

ភ្នំពេញ៖​ពហុ​កីឡាដ្ឋាន​ជាតិ ​មរតក​តេជោ ដែល​មាន​ចម្ងាយ​១៥​គីឡូម៉ែត្រ​ មាន​ទីតាំង​ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ​ ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ​នោះ​ នឹង​ត្រូវស្ថាបនា ​រួចរាល់​នៅ​ឆ្នាំ​ ២០២០​ខាង មុខ​នេះ។​ បន្ទាប់​ពី​រដ្ឋាភិបាល​ បាន​ជ្រើសរើស​យក​ជម្រើស​សំណង់ ​ពហុ​កីឡា​ដ្ឋាន​ជាតិ​មរតក​តេជោ​ហើយ ​ក្រុមហ៊ុន​បច្ចេកទេស ​បាន​ធ្វើការ​កែ​សម្រួល ​ដោយ​ដាក់​បញ្ចូល​នូវ​ផ្កា​រំដួល​ ដែល​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​របស់​កម្ពុជា ​នៅ​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​នោះ​ផង​ដែរ។ ​​

ពហុកីឡាដ្ឋាន​ជាតិ​នេះ​នឹង​ធ្វើការ​សាងសង់​ ដោយ​មាន​ដំបូល ​ដែល​អាច​ចាំង​ពន្លឺ​ចូល​បាន​​ផង និង​អាច​ឱ្យ​ខ្យល់​ ចេញ​ចូល​បាន​ផង​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ពន្លឺ និង​មាន​ខ្យល់​ត្រជាក់​​នៅ​ក្នុង​នោះ ​ហើយ​ក៏​មាន​ស្រះ​ទឹក​ព័ទ្ធ​ ជុំ​វិញ​ផង​ដែរ។​

ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​នេះ ​នឹង​អាច​ទទួល​ទស្សនិកជន​ ចំនួន​ប្រមាណ​៦​ម៉ឺន​នាក់ ​ដើម្បី​ចូល​មក​ទស្សនា។ ​ជា​រួម​ស្ថាបត្យកម្ម​ពហុកីឡាដ្ឋាន​អូឡាំពិក​នេះ​ គឺ​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​ខ្មែរ​ពិតៗ​ ហើយ​ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​បរិស្ថាន​បៃតង​នៅ​ជុំវិញ​ទី​នោះ​ផង​ដែរ បន្ថែម​ទៅ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ធ្វើ ចរាចរណ៍​យ៉ាង​ងាយ​ស្រួល​ ក៏ដូចជា​សម្រាប់​ការ​ថែទាំ​ពហុកីឡាដ្ឋាន​ជាតិ​នេះ​ផង​ដែរ​។

ក្រុម​បច្ចេកទេស​និយាយ​ថា ពហុកីឡាដ្ឋាន​ជាតិ​នេះ ​គឺ​អាច​ប្រើ​ប្រាស់​ជា​ការិយាល័យ​ ធ្វើ​ការ ក៏​ដូចជា​កន្លែង​ហ្វឹកហាត់​អត្តពលកម្ម​ កីឡាបាល់ទាត់ សម្រាប់​កម្មវិធី​ជាតិ​នានា​ ក៏​ដូច​ជា​សម្រាប់​ ការ​ តាំង​ពិព័រណ៍​ផ្សេងៗ។ ម្យ៉ាងទៀត ​នៅ​ក្នុង​នោះ​ក៏​អាច​ធ្វើ​​​ជា​កន្លែង​សម្ដែង​ខុន​សឺត ឬ​ការិយាល័យ​ផង​ដែរ ដើម្បី​ជួល​ទាញ​យក​កម្រៃ​យក​មក​ថែទាំ​ពហុកីឡាដ្ឋាន​ជាតិ​នេះ​ដោយ​ខ្លួន​ឯង។ ពហុកីឡាដ្ឋាន​ជាតិ​នេះ ​បើ​តាម​គម្រោង​នឹង​ធ្វើ​ការ​សាង​សង់​ចប់​នៅ​ឆ្នាំ​២០២០។​

ជា​ការ​ឆ្លើយ​តប ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​ជម្រើស​ពហុកីឡាដ្ឋាន​ជាតិ ដែល​មាន​រាង​ជា​សំពៅ​នេះ គឺ​មាន​មូលហេតុ​ថា ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​បណ្ដា​ប្រទេស នៅ​អាស៊ីអាគ្នេយ៍​តាម​រយៈ​សំពៅ​ ហើយ​ថ្មីៗ​នេះ ចិន​ក៏​បាន​​​ដាក់​ចុះ​នូវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី​២១ រួម​ទាំង នយោបាយ​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ​ផង​ដែរ ដែល​នេះ​គឺ​ជា​ការ​ជ្រើស​រើស​ យក​ជម្រើស​ពហុកីឡាដ្ឋាន​ជាតិ ​មាន​ចារឹក​ជា​សំពៅ​នេះ។​

លើស​ពី​នេះ​ប្រមុខ​រាជ​រដ្ឋាភិបាល​ក៏​បាន​សម្ដែង​នូវ​ការ​រីករាយ​ដែល​ពហុកីឡាដ្ឋាន​ជាតិ​នេះ ​ត្រូវ​បាន​អ្នក​បច្ចេកទេស​យក​​ចិត្ត​ទុក​ដាក់ ​ទៅ​លើ​បញ្ហា​ជំនឿ​ និង​ការ​ថែទាំ​ពហុកីឡាដ្ឋាន​ជាតិ​នេះ ​ដោយ​សម្ដេច​បាន​មាន​ប្រសាសន៍​ថា តាម​បទ​ពិសោធន៍​ កន្លង​មក ការ​សាងសង់​គឺ​ជា​ការ​ពិបាក​មួយ​ហើយ​ ប៉ុន្តែ​បន្ទាប់​ ពី​ការ​សាងសង់​ហើយ​នោះ​ ការ​ធ្វើ​ឱ្យ​មាន​និរន្តរភាព​និង​ការ​ថែទាំ​គឺ​កាន់​តែ​ពិបាក​ថែម​ទៀត៕

ហាង​ខោអាវ​ឈ្មោះ ISIS ត្រូវ​អាជ្ញាធរ​ចុះ​​ស៊ើប​អង្កេត​ សង្ស័យ​ពាក់​ព័ន្ធ​ក្រុម​ជ្រុលនិយម


ចិន​ជា​ប្រទេស​មួយ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ និង​ជា​គំរូ​ដ៏​ល្អ​ក្នុង​ការ​កម្ចាត់​ចោល​ក្រុម​អង្គការ​រដ្ឋ​ឥស្លាម​ជ្រុលនិយម ជាក់​ស្ដែង​ក្នុង​ប្រទេស​នេះ សូម្បី​តែ​ហាង​ខោអាវ​ដែល​លើក​ស្លាក​យីហោ​ឈ្មោះ ISIS ក៏​អាជ្ញាធរ​ចិន​តម្រូវ​ឲ្យ​រុះ​ចោល​ភ្លាមៗ​ដែរ នេះ​បើ​យោង​តាម​សារព័ត៌មាន Shanghaiist ។
ហាង​ខោអាវ​មួយ​នេះ​បាន​ទាក់​យក​អារម្មណ៍​របស់​ប្រជាជន និង​ប៉ូលិស​ជា​ច្រើន ដោយសារ​តែ​ឈ្មោះ​របស់​វា ។ ម្ចាស់​ហាង​ខោអាវ​នេះ​​គឺ អ្នក​ស្រី Chen Hong បាន​ពន្យល់​ប្រាប់​ប៉ូលិស​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​សម្រេច​ចិត្ត​យក​ឈ្មោះ​ហាង​ដូចនេះ​ថា វា​តំណាង​ឲ្យ​ពាក្យ​ថា​កាដូ ដែល​ជា​ភាសា​ចិន​សរសេរ​ថា (意思意思) អាន​ថា “yisi yisi” ។

ប៉ូលិស​បាន​ចុះ​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ហាង​ខាង​លើ​នេះ ដោយ​សង្ស័យ​ថា​មាន​ពាក់ព័ន្ធ​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម ISIS ប៉ុន្តែ​ក្រោយ​ការ​ស៊ើប​អង្កេត​បាន​បញ្ចប់ គ្មាន​មុខ​សញ្ញា​ណា​មួយ​បញ្ជាក់​ពី​ការ​ពាក់ព័ន្ធ​គ្នា​រវាង​ម្ចាស់​ហាង និង​ក្រុម​ឧទ្ទាម​នេះ​ឡើយ ប៉ុន្តែ​នា​ចុង​បញ្ចប់ ខាង​ម្ចាស់​ហាង​ក៏​ព្រម​រុះ​ស្លាក ប្ដូរ​ឈ្មោះ​ហាង​វិញ​ដែរ ដោយ​អ្នក​ស្រី​ក៏​គិត​ថា វា​អាច​ប៉ះពាល់​អារម្មណ៍​របស់​អតិថិជន​ ។
គួរ​បញ្ជាក់​ថា តាម​ពិត​ឈ្មោះ ISIS នេះ​មិន​មែន​ទើប​តែ​ត្រូវ​បាន​គេ​យក​មក​ប្រើ​សំដៅ​លើ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នេះ​តែ​ប៉ុណ្ណោះ​ទេ ជាក់​ស្ដែ​ង​វិទ្យាស្ថាន​២​គឺ Institute for the Scientific Investigation of Sexuality និង Institute for the Secularisation of Islamic Society ក៏​មាន​ឈ្មោះ​ហៅ​កាត់​ថា ISIS ដែរ ។

រុស្ស៊ី នឹងជួយសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរ នៅកម្ពុជា

ភ្នំពេញ៖ រុស្ស៊ី ដែលជាប្រទេសសំបូរដោយធនធានប្រេងឥន្ធនៈ និងថាមពល បានប្រកាសថា នឹងជួយប្រទេសកម្ពុជា ក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នេះបើតាមកិច្ចព្រមព្រៀងប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីពេលថ្មីៗនេះ ដោយរុស្ស៊ី នឹងផ្តល់នូវអ្នកជំនាញការស្រាវជ្រាវ និងបណ្តុះបណ្តាដល់ប្រទេសកម្ពុជា នេះ​បើយោងតាម​ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រោមកិច្ចព្រមព្រៀង រវាង​រដ្ឋាភិបាល​រុស្ស៊ី និងកម្ពុជា​លើ​វិស័យ​ជាច្រើន រួមទាំង​វិស័យ​ថាមពលនុយក្លេអ៊ែរផងនោះ កាល​ពីថ្ងៃ អង្គារកន្លងទៅនេះ  មន្ត្រី​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​បានឲ្យដឹងថា រុស្ស៊ីនឹងជួយដល់កម្ពុជា​ក្នុងការ​កសាងសមត្ថភាព ​ឈានឆ្ពោះ​ទៅ​សង់រោងចក្រអគ្គិសនី ដើរដោយថាមពល​នុយក្លេអ៊ែរ នៅពេលខាងមុខ។ ការ​ឈាន​ឆ្ពោះ​ទៅ​សង់​រោងចក្រ​ថាម​ពល​នុយក្លេអ៊ែរ​នេះ នឹងជួយ​ដល់កម្ពុជា​ច្រើន​ក្នុងការ​កាត់​បន្ថយ​លើការចំណាយលើ​ថាមពល និងអាចជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។
ប្រទេសកម្ពុជាបាននាំចូលប្រេងឥន្ធនៈនិងថាមពលពីប្រទេសក្រៅ ដោយតម្លៃអគ្គិសនីនៅកម្ពុជា គឺស្ថិតក្នុងចំណោមតម្លៃថ្លៃបំផុត នៅអាស៊ីអាគ្នេយ៍។ ជាងនេះផងដែរ កម្ពុជាក៏កំពុងស្វែងរកទំហំទឹកប្រាក់វិនិយោគប្រមាណ ៣ពាន់លានដុល្លារ ដើម្បីកសាងទំនប់វារីអគ្គិសនីចំនួនប្រាំមួយ នៅឆ្នាំ ២០១៨ ស្របជាមួយនឹងកំណើនតម្រូវការប្រជាជនកើនឡើងឥតឈប់ឈរ។
គូសបញ្ជាក់ដែរថា កម្ពុជាចាំបាច់ណាស់ ក្នុងការកសាងទំនប់វារីអគ្គិសនីច្រើនផ្ទាល់ខ្លួន ព្រោះវាជាប្រភពស្នូលដ៏ធំ ក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ ដោយពុំចាំបាច់ពឹងផ្អែក លើការផ្គត់ផ្គង់ពីប្រទេសដទៃ។ ​បច្ចុប្បន្នប្រទេសជាច្រើន ​នៅអាស៊ីអាគ្នេយ៍ កំពុងផ្តោតលើ​ការស្រាវជ្រាវ និង​ដាក់ផែនការ​ជំរុញ​ការ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​នេះដែរ តួយ៉ាងដូចជាវៀតណាម និងហ្វីលីពីន ជាដើម៕

ក្រោយ​​ថត​​រឿង​ក្ដៅ​សាច់​ តួស្រី​ Angeline​ Yap​ ត្រូវ​​​ប្រុស​ៗ​​សុំ​​រួមភេទ

នាង Angeline Yap ត្រូវ​បាន​អ្នកលេង​អ៊ីនធឺណិត​ប្រុសៗ​សុំរួមរ័ក បន្ទាប់​ពី​ពួកគេ​ឃើញ​នាង​ថត​រឿង​ក្ដៅ​សាច់ ” Lang Tong “។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ Channelnewsasia ម្សិលមិញ។

ក្នុង​សន្និសីទមួយ​ស្ដី​ពី​ភាពយន្ត ​កាល​ពី​ថ្ងៃ​អង្គារ អតីតបវរកញ្ញា​លេខ​៣ ​សិង្ហបុរី​រូបនេះ​បង្ហើប​ថា ចាប់​តាំងពី​ពេល​នោះ​មក នាង​ទទួល​​ការ​រំលោភបំពាន​ដោយ​ពាក្យ​សម្ដី​​ជាច្រើន​តាម​អនឡាញ។

“ខ្ញុំទទួលបាន​ការស្នើសុំ​ មិន​សមរម្យ​ជាច្រើន…ពួកគេ​សុំ​ខ្ញុំ​ដេក ហើយ​មតិភាគច្រើន​គិត​តែអារឿងហ្នឹង។ ពួកគេ​​ថា ខ្ញុំ​ជា​ស្រី​មិន​ល្អ b**** ​អន់​ជាង​លាមក s*** ថោកទាប និង​ថា​អនាគត​កូនៗ និង​ប្ដី​ខ្ញុំ​មិន​គោរព​ខ្ញុំ​ទេ ព្រោះ​តែ​ខ្ញុំ​ដើរ​តួអង្គ​នេះ។ ចំណែក​ខ្ញុំ​ក៏​បាន​ឆ្លើយតប Comment ​ទៅអ្នកទាំងនោះ​វិញ ប៉ុន្តែអ្នកដឹកនាំ​រឿង Sam Loh ប្រាប់​ខ្ញុំ​កុំ​​ឱ្យខ្វល់​នឹង​ពួកគេ…ខ្ញុំ​ក៏​ឈប់”។ ​​នាង​បញ្ជាក់។



តារា​វ័យ​២៧​ឆ្នាំ​បន្ថែម​ថា “មនុស្សទាំងអស់ មាន​ទស្សនៈ​ខុស​គ្នា ខ្ញុំ​មិន​អាច​បញ្ឈប់​អ្វី ដែល​ពួកគេ​ចង់​និយាយ​ទេ តែ​ខ្ញុំ​នឹង​មិន​ឱ្យ​ពួកគេ ធ្វើ​អ្វី​ប៉ះពាល់​ខ្ញុំ​ឡើយ។ ខ្ញុំ​មិន​អាច​តម្រូវ​ចិត្ត​ មនុស្ស​គ្រប់គ្នា​បានទេ”។
 ក្រោយ​ក្ដាប់​បាន​តំណែង​តួ​សំបូរ​ឈុត​ស្រើបស្រាល ក្នុង​រឿង “Lang Tong “  Yap ប្រាប់ទៀត​ថា នាង​មិន​ស្ដាយក្រោយ​ឡើយ ព្រោះ​វា​ជា​ភាពយន្ត​សិល្បៈ ហើយ​វា​ខុសប្លែក​ពី​រឿង​ក្នុង​ស្រុក​ផ្សេងទៀត ប៉ុន្តែ​នាង​​មាន​ការ​ព្រួយបារម្ភ​តិចតួច​ដែរ ចំពោះ​ឪពុកម្ដាយ។
 “ខ្ញុំ​អត់​បាន​ប្រាប់​ពួកគាត់​ទេ​ពេល​ដើរ​តួ​នេះ ហើយ​ពួកគាត់​ទើប​តែ​ដឹង​ ពេល​លេច​ព័ត៌មាន​នេះ​ឡើង។ ពួកគាត់​ខឹង​ខ្លាំង​ណាស់ តែ​ខ្ញុំ​ព្យាយាម​ប្រាប់​ពួកគាត់​ថា វា​គ្រាន់​តែ​ជា​ការសម្ដែង និង​ជា​ភាពយន្ត​សិល្បៈ។ ពួកគាត់​ជា​ចាស់​ជំនាន់​មុន ដូច្នេះ​មិន​សូវ​បើកចំហ និង​នៅ​តែ​មិន​អាច​ទទួល​យក​បាន”។ ​តារា​ស្រី​ដដែល​បន្ថែម។

Yap ​បញ្ជាក់ថា ក្រោយ​មក​ឪពុក​ម្ដាយ​ស្រួល​ចិត្ត​បន្តិចវិញ តែពួកគាត់​ប្រាប់​នាង​ថា​ កុំ​ដើរ​តួ​បែប​នេះ​ទៀត។ ទោះបីជា​​យ៉ាងណា Yap នឹង​​នៅ​តែ​បន្ត​សម្ដែង​តួ​ស្រដៀង​នេះទៀត​ក្នុង​ពេល​ខាងមុខ បើ​សិន​ជា​​​អ្នកដឹកនាំ​រឿង​ត្រូវ​ការ ​ហើយ​នាង​យល់​ថា​សាច់​រឿង​ល្អ។​ ក្រោយ​សម្ដែង​រឿង​ខាងលើ នាងត្រូវ​ផលិតកម្ម​នានា​ទាក់ទង ហើយ​តារា​ស្រី​រូប​នេះ​ប្រាប់​ថា ពួកគេ​ចង់​ថត​ជាមួយ​នាង និង​ចង់​ថតជា​ភាពយន្ត​សិច។
 ភាពយន្ត ” Lang Tong “ បាន​ចាក់​បញ្ចាំង​ហើយ នៅក្នុងព្រឹត្តិការណ៍ Singapore International Film Festival កាល​ពី​ឆ្នាំ​ ២០១៤ ប៉ុន្តែ​​​ឈុត​ខ្លះ​ត្រូវ​បាន​ដក​ចេញ៕

កំពង់ផែស្វយ័តក្រុងភ្នំពេញ កំណត់តម្លៃភាគហ៊ុន ៥១២០៛ ក្នុងការបោះផ្សាយមូលបត្រសាធារណៈ ជាលើកដំបូង

ភ្នំពេញ៖ បន្ទាប់​ពីកំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញហៅកាត់ថា PPAP ​បាន​ធ្វើ​ប៊ុក​បៀល​ឌីង ​សម្រាប់​វិនិយោគិន​ជា​ស្ថាប័ន​រួច​មក ក្រុមហ៊ុនដែល​ជា​សហគ្រាស​រដ្ឋ ​ប្រតិ​បត្តិ​ការ​កំពង់ផែ​ធំ​ទីពីរ​នៅ​កម្ពុជា ​បាន​កំណត់​តម្លៃ​ភាគ​ហ៊ុន​របស់​ខ្លួន​ក្នុង​តម្លៃ​ ៥១២០​រៀល (១​.២៦​ដុល្លារ​អាមេរិក​) ខណៈ​សហគ្រាស​នេះរំពឹងថា​ នឹង​ប្រមូល​ធន​ចំនួន ​៥.២​លាន​ដុល្លារអាមេរិក ​នៅ​ក្នុង​ការ​បោះ​ផ្សាយ​មូល​បត្រ​សាធារណៈ​(IPO) ជា​លើក​ដំបូង។
​ក្នុង​ការ​បោះ​ផ្សាយ​មូល​បត្រ​សាធារណៈ​ជា​លើក​ដំបូង (IPO) របស់កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញនេះ រំពឹងថានឹងរកបានប្រាក់ចំនួន ៥.២​លាន​ដុល្លារអាមេរិក តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចំនួន ២០ភាគរយនៅលើទីផ្សារកម្ពុជា នៅក្នុងខែធ្នូខាងមុខនេះ។ ម្យ៉ាងវិញទៀតក្នុងរយៈពេលកន្លងមក គេសម្លឹងឃើញថាបន្ទាប់ពី PPAP ប្រកាសបោះ​ផ្សាយ​មូល​បត្រ​សាធារណៈនេះ ហាក់ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​ក្នុង ផ្សារ​ហ៊ុន​នេះ។
លោក Thomas Hugger អគ្គនាយក​ក្រុម​ហ៊ុន​វិនិយោគ​ Asia Frontier Capital បានមានប្រសាសន៍ថា​ លទ្ធ​ផលតម្លៃភាគហ៊ុនរបស់ PPAP បង្ហាញពី​ចំណាប់​អារម្មណ៍​របស់​វិនិយោគិន ​ទំនង​ជា​មិន​ខ្ពស់​ដូច​ការ​រំពឹង​របស់​មនុស្ស​មួយ​ចំនួន​នោះ​ទេ តែ​តម្លៃ​នេះ​អាច​ជួយ​គាំទ្រ​តម្លៃ​របស់​ភាគ​ហ៊ុន​ ​នៅ​ពេល​ធ្វើ​ការ​ជួញ​ដូរ​។
បន្ថែមពីលើនេះដែរ តម្លៃ​ភាគ​ហ៊ុនរបស់ PPAP ​​ស្ថិត​ក្នុង​ចន្លោះ​តម្លៃ​ពី ​៤៤០៥ ​រៀល ​ដល់ ​៦៣០២​ រៀល (​ពី ​១.០៨​ ដល់​ ១.៥៥ ​ដុល្លារ) ដែល​បាន​កំណត់​ក្នុង​ពេល​ធ្វើ​ប៊ុក​បៀល​ឌីង ​ផ្ដល់​ឲ្យ​សហ​គ្រាស​រដ្ឋ​មួយ​នេះ​នូវ ​មូលធនីយកម្ម​ទីផ្សារ​ចំនួន ២៦​លាន​ដុល្លារអាមេរិក។ ហើយបើតាម PPAP ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​គ្រោង​នឹង​ប្រើ​ប្រាស់​មូលធន​ ដែល​ប្រមូល​នេះ​ ដើម្បី​ផ្ដល់​មូលនិធិ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន។
នារយៈពេលចុងក្រោយនេះ រដ្ឋាភិបាល​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​កិច្ចការ ​IPO របស់​ PPAP ដោយ​សង្ឃឹម​ថា​នឹង​ ពង្រឹង​ទីផ្សារ​មូលធន​របស់​ប្រទេស​នេះ​។​ ក្រុម​ហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ (​CSX​) បាន ព្យាយាម​ទាក់ទាញ​វិនិយោគិន ​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ដំបូង​កាល​ពី​ឆ្នាំ ​២០១១​ ហើយ​មាន​ក្រុមហ៊ុន​តែ​ពីរ​ប៉ុណ្ណោះ​បាន​ចុះ​បញ្ជី៕

រុស្ស៊ី​ និង​ បារាំង​ ព្រម​ព្រៀង​គ្នា​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ ISIS​ តែ​មួយ​ប៉ុណ្ណោះ

ប្រធានាធិបតី​ បារាំង​ លោក ​Francois Hollande ​ និង​ប្រធានាធិបតី​ រុស្ស៊ី​ លោក ​Vladimir Putin ​ បាន​ជួប​គ្នា​ក្នុង​ទីក្រុង​ មូស្គូ​ ដើម្បី​ពិភាក្សា​ស្ដី​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ ISIS​  ប៉ុន្តែ​មេ​ដឹក​នាំ​ប្រទេស​មហា​អំណាច​ទាំង​ពីរ​នេះ​ នៅ​មាន​ចំណុច​ខ្លះ​ដែល​ខ្វែង​គំនិត​គ្នា​ ពិសេស​អំពី​ជោគ​វាសនា​របស់​ប្រធានាធិបតី​ ស៊ីរី​ លោក​ Bashar al-Assad​  ក្នុង​នោះ​ បារាំង​ យល់​ថា​ លោក​ Assad​  មិន​ត្រូវ​មាន​តួនា​ទី​ណា​មួយ​ឡើយ​ក្នុង​ជួរ​អ្នក​នយោ​បាយ​ ដែល​ផ្ទុយ​ពី​ រុស្ស៊ី​ ដែល​ចង់​ឲ្យ​លោក​ Bashar al-Assad​  ត្រូវ​បាន​សម្រេច​ដោយ​ប្រជាជន​ ស៊ីរី ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Times of Esrael​ នៅ​ថ្ងៃ​សុក្រ​នេះ ។
ទោះ​យ៉ាង​ណា​ ប្រធានាធិបតី​ រុស្ស៊ី​ និង​ បារាំង​ បាន​យល់​ស្រប​គ្នា​ក្នុង​ទី​ក្រុង​ មូស្គូ​ ថា​ នឹង​រួម​គ្នា​វាយ​ប្រហារ​សំដៅ​ទៅ​រក​ក្រុម​ISIS​​ ​តែ​មួ​យ​ប៉ុណ្ណោះ ។​ លោក​ ពូទីន​ និយាយ​ថា​ រុស្ស៊ី​ និង​ បារាំង​ បាន​យល់​ស្រប​គ្នា​អំពី​ការ​ប្រយុទ្ធ​នឹង​ក្រុម​ ISIS​ ដោយ​ជៀស​វាង​មិន​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ទាំង​ឡាយ​ណា​ដែល​ចូល​រួម​ប្រយុទ្ធ​នឹង​ក្រុម​ ISIS​ ប៉ន្តែ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ជាក់​លាក់​ច្រើន​ថែម​ទៀត​ថា​តើ​​ក្រុ​មណា​ដែល​ជា​ក្រុម​ភេរវកម្ម​ និង​ក្រុម​ណា​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម ។​
ចំណែក​លោក​ Hollande​ និយាយ​ថា​ ប្រទេស​ បារាំង​ នឹង​បង្កើន​ការ​គាំ​ទ្រ​ដល់​ក្រុម​ឧទ្ទាម​ដែល​កំពុង​ប្រយុទ្ធ​នឹង​ក្រុម​ ISIS​ តំណាល​ពេល​ដែល​លោក​ Putin​ អះអាង​ថា​ មាន​តែ​កងទ័ព​រដ្ឋាភិបាល​ ស៊ីរី​ ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​ទប់​ទល់​នឹង​ក្រុម​ភេរវកម្ម​ ហើយ​ក្រុម​ដទៃ​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​ ស៊ីរី​ ដូច​ជា​ Jabhat al-Nusra ​ និង​ក្រុម​ដទៃ​ទៀត​ មិន​បាន​អនុវត្ត​ប្រតិបត្តិការ​វាយ​ប្រហារ​ថ្មើរ​ជើង​ខ្លាំង​ក្លា​ដូច​កងទ័ព​លោក​ Bashar al-Assad​ ឡើយ ។ ​ លោក​ Putin​ បន្ថែម​ថា​ ប្រហែល​ពុំ​មាន​ក្រុម​ប្រឆាំង​ណា​មួយ​ក្នុង​ប្រទេស​ ស៊ីរី​ ដែល​ រុស្ស៊ី​ ត្រូវ​ធ្វើ​សហ​ប្រតិបត្តិការ​ជា​មួយ​ឡើយ ។​



អាល្លឺម៉ង់​បំផ្លាញ​ផែនការ​វាយប្រហារ​ក្នុង​ទីក្រុង​ ប៊ែរឡាំង

កង​កម្លាំង​ពិសេស​របស់​ប្រទេស​ អាល្លឺម៉ង់​ បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ ​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចាប់ខ្លួន​ជន​សង្ស័យ​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​ឥស្លាម​ ស្ថិត​ក្នុង​សង្កាត់​ Britz​ របស់​ទី​ក្រុង​ ប៊ែរឡាំង​ ដើម្បី​បំផ្លាញ​ផែន​ការ​របស់​ក្រុម​ឧក្រិដ្ឋកម្ម​ដែល​មាន​បំណង​ធ្វើ​សកម្មភាព​ ។
គេហទំព័រ​ The Irish Times ចុះ​ផ្សាយ​ថា​​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ មិន​ត្រូវ​បាន​អាជ្ញាធរ​បញ្ជាក់​អំពី​អត្ត​សញ្ញាណ​ឡើយ​ ប៉ុន្តែ​គេ​ដឹង​ថា​ បុរស​ម្នាក់​មាន​អាយុ​ ២៨​ ឆ្នាំ​ និង​ម្នាក់​មាន​អាយុ​ ៤៦​ ឆ្នាំ​ ហើយ​អគ្គ​រដ្ឋ​អាជ្ញា​ទីក្រុង​ ប៊ែរឡាំង កំពុង​ដឹក​នាំ​ការ​ស៊ើបអង្កេត​ ។ ប៉ូលិស​និយាយ​ថា​ ពួកគេ​ទទួល​បាន​ដំណឹង​​អំពី​លទ្ធភាព​អាច​មាន​ការ​គំរាម​មួយ​ ក្នុង​ទម្រង់​ជា​ការ​រៀបចំ​សកម្មភាព​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រទេស​ជាតិ ។​
ប៉ូលិស​បាន​បញ្ជូន​អ្នក​ជំនាញ​ផ្នែក​គ្រឿង​ផ្ទុះ​ ទៅ​ត្រួត​ពិនិត្យ​មើល​​កាបូប​មួយ​ដែល​គួរ​ឲ្យ​សង្ស័យ​ នៅ​ក្នុង​រថយន្ត​របស់​បុរស​ទាំង​ពីរ​នាក់​នោះ​ ព្រមទាំង​ជម្លៀស​ពល​រដ្ឋ​ដែលមាន​​ផ្ទះ​នៅ​ជុំវិញ​ចំណត​រថយន្ត​ ឲ្យ​ចាក​ចេញ​បណ្ដោះ​អាសន្ន ។​ 
អធិការបតី​ អាល្លឺម៉ង់​ លោកស្រី​ Angela Merkel​ ​និយាយ​ថា​ ការ​គំរាម​ផ្នែក​សន្តិសុខ​ទៅ​លើ​ប្រទេស​ អាល្លឺម៉ង់​ នៅ​តែ​ស្ថិត​​កម្រិត​​មួយ​​​​ខ្ពស់​ ចាប់​តាំង​ពី​ភេរវជន​វាយ​ប្រហារ​ទីក្រុង​ ប៉ារីស​ ប្រទេស​ បារាំង កាលពី​ថ្ងៃ​ទី​១៣។

ក្រុមហ៊ុន Apple Inc បើកសាខានៅវៀតណាម ខណៈ iPhone 6s និង 6s plus ទើបមកដល់កម្ពុជានៅថ្ងៃនេះ

ក្រុមហ៊ុន​ Apple Inc បានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួន នៅប្រទេសវៀតណាម​ ដើម្បីឲ្យក្រុមហ៊ុនផលិតទូរសព័្ទ iPhones នេះអាចនាំចូល និង​ចែកចាយទូរស័ព្ទស្មាតហ្វូន ដោយផ្ទាល់ នៅក្នុងទីផ្សារទូរស័ព្ទស្វាតហ្វូន ដែលលូតលាស់ជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះមានឈ្មោះថា​ Apple Vietnam Limited Liability ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២៨ ខែតុលា ជាមួយដើមទុន ដែលចុះក្នុងបញ្ជីមានតម្លៃ ១៥ប៊ីលានដុង (ស្មើនឹង​ ៦៧២,១៩៤ ដុល្លារអាមេរិក)។
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Apple ដែលមានមូលដ្ឋាននៅទីក្រុង ហូជីមិញមួយនេះ នឹងគ្រប់គ្រងនៃការធ្វើអាជីវកម្មការលក់ដុំនៃ ប្រភេទផលិតផលផ្សេងៗគ្នា ដែលក្នុងនោះរួមមានផលិតផលទូរស័ព្ទស្មាតហ្វូន ការផ្តល់នូវពត៌មានបច្ចេកវិទ្យា និងសេវាជួសជុល ព្រមទាំងសេវាកម្មផ្តល់ទីប្រឹក្សាផងដែរ។​
គួជម្រាបថា ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅវៀតណាម​កើនឡើង ២៦​ភាគរយស្មើនឹង​ ១២៤លាននាក់ ដោយគិតចាប់តាំងឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០១៣ ខណៈដែលចំនួនអ្នកប្រើប្រាស់អ៊ីនធើណេតកើនលើសពី ១ភាគ៣ នៃចំនួនប្រជាជន ៩០លានលាក់ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ។
ទន្ទឹមនេះដែរ ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 6s និង iPhone 6s Plus ទើបតែមានវត្តមាននៅលើទីផ្សារនៅកម្ពុជា ជាផ្លូវការនៅថ្ងៃនេះ ដែលនាំចូលដោយក្រុមហ៊ុន​ iOne៕

អភិបាល​រង​រាជធានី​ភ្នំពេញ​និង​​ម្ដាយ​របស់​លោក ទទួលមរណភាព​​ព្រឹក​មិញ​ជាមួយ​គ្នា​

រាជធានី​ភ្នំពេញ៖ ​ឯកឧត្ដម ជ្រាង សុផាន់ អភិបាល​រង​រាជធានី​ភ្នំពេញ បាន​​ទទួលមរណៈភាព​​ហើយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​​​​នេះ នា​វេលា​ម៉ោង​​​០៥​និង​០០​នាទី​ ដោយ​រោគាពាធ ហើយ​លើស​ពី​នេះ​ទៅ​ទៀត លោក​យាយ​ឧ​បាសិកា​ដែល​ជា​ម្ដាយ​ឯកឧត្ដម ជ្រាង សុផាន់ ក៏​បាន​ទទួល​មរណភាព​នា​អំឡុង​ម៉ោង​​០៤​ព្រឹក​​ផង​ដែរ​។​ នេះ​បើ​យោង​តាម​​​ការ​ឲ្យ​ដឹង​​​លើ​ទំព័រ Facebook របស់​ឯកឧត្ដម ប៉ា សុជាតិវង្ស ​​អភិបាល​​​រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះ​។

4G LTE របស់ សែលកាត ដាក់ឲ្យដំណើរការហើយ

ភ្នំពេញ ក្រុមហ៊ុន សែលកាត បានសម្ពោធដាក់ឲ្យដំណើរការ និងប្រើប្រាស់ប្រព័ន្ធ 4G LTE ជាផ្លូវការនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តចំនួនប្រាំមួយ ក្នុងប្រទេសកម្ពុជា។ 4G LTE គឺជាបច្ចេកវិទ្យាទូរគមនាគមន៍ចល័ត ដែលអាចឲ្យលោកអ្នកទទួលបាននូវ ល្បឿនអ៊ីនធើណិតដ៏លឿន។

ក្រុមហ៊ុន សែលកាត នឹងតភ្ជាប់ល្បឿនអ៊ីនធើណិត 4G LTE ទៅកាន់បណ្ដាខេត្តមួយចំនួន រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្វាយរៀង និងក្រុងព្រះសីហនុ។ គូសបញ្ជាក់ដែរថា លក្ខណៈពិសេសនៃល្បឿន 4G LTE គឺអាច Download ទំហំ ២០MB ដោយប្រើប្រាស់រយៈពេលត្រឹមតែ ២៥វិនាទី បើធៀបទៅនឹង 3G គឺត្រូវការរយៈពេល ៣នាទី។ មិនតែប៉ុណ្ណោះ ថែមទាំងអាច Upload និង Update បានលឿន និងអាចបើកអ៊ីនធើណិតបានច្រើនទំព័រ ក្នុងពេល​តែមួយ។

លោក Lan Waston នាយកប្រតិបត្តិក្រុមហ៊ុន សែលកាតបានថ្លែងថា៖ «យើងជឿជាក់ថា សែលកាតផ្តល់ជូនអតិថិជនជាមួយនឹង បទពិសោធន៍ឌីជីថលដ៏សមស្របមួយ ហើយឥឡូវនេះយើងឃើញថា អ្នកប្រើប្រាស់ទូរស័ព្ទ ដែលមានសមត្ថភាពដែលភ្ជាប់ប្រព័ន្ធ 4G លើទីផ្សារគឺ មានចំនួនច្រើនគួរឲ្យសម្គាល់។ ទន្ទឹមនឹងនេះដែរ ក្រុមការងាររបស់សែលកាតនឹងខិតខំកែសម្រួលបណ្ដាញ ធ្វើយ៉ាងណាដើម្បីឲ្យល្បឿនអ៊ីនធើណិត 4G LTE មានដំណើរការល្អផ្ដាច់គេ»។

សម្រាប់អតិថិជនរបស់ក្រុមហ៊ុន សែលកាត ទាំងអស់ លោកអ្នកអាចមកប្ដូរស៊ីមកាត 4G LTE ដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមពីរបៀបប្រើបច្ចេកវិទ្យា 4G LTE សូមទូរស័ព្ទទៅលេខ 812 រៀងរាល់ថ្ងៃពេញ 24 ម៉ោង។

គួរជម្រាបដែរថា បើតាម​តួលេខ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍កម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​ប្រើ​អ៊ិនធើណិត​​បាន​កើន​ឡើង ​ដែល​មានចំនួន​​រហូតដល់ទៅ​ជាង ​៥លាន ៧ម៉ឺន ៤ពាន់នាក់។ នេះ​បើ​គិត​ត្រឹម​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៥ តែ​អំឡុងឆ្នាំ ​២០១០ គឺ​មាន​តែ​ជាង ​៣២​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ។ ​តួលេខ​នេះ​បាន​កើនឡើង​ចំនួន ​១៦ដង ហើយ​ច្រើន​ជាង ​១ភាគ​៣​នៃ​ប្រជាជន​កម្ពុជា​សរុប​៕

មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត នឹងប្ដូរខ្លួនជា ធនាគារនៅឆ្នាំក្រោយ

ភ្នំពេញ៖ មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត គ្រោងនឹងប្ដូរខ្លួនទៅជា ធនាគារស្ថាបនា ភីអិលស៊ី នៅអំឡុងត្រីមាសទី១ ដើមឆ្នាំ ២០១៦ ខាងមុខ ដោយសហការជាមួយ ធនាគារម៉ារូហាន់។ ការបង្ហាញខ្លួនថ្មីស្រឡាង ក្នុងឋានៈជាធនាគារនេះ យោងទៅតាមសេចក្ដីប្រកាសពីលោក បណ្ឌិត ប៊ុន មុនី នាយកប្រតិបត្តិនៃស្ថាបនាលីមីតធីត ដែលថ្លែង ក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៥។

តាមរយៈសេចក្ដីប្រកាសពត៌មានរបស់ នាយកប្រតិបត្តិខាងលើ បានឲ្យដឹងទៀតថា មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត នឹងអាចប្ដូរឈ្មោះទៅតាមការគ្រោងទុក បន្ទាប់ពីធនាគារជាតិ ចេញសេចក្ដីប្រកាសអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណបានឆាប់។ លោកនាយកប្រតិបត្តិ ក៏បានគូសបញ្ជាក់បន្ថែមដែរថា៖ «មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត បានសហការជាមួយធនាគារម៉ារូហាន់តាំងពីដើមឆ្នាំ ២០១៥ ដោយចុះកិច្ចព្រមព្រៀងដាក់ភាគហ៊ុនតែមួយ និងយល់ព្រមដាក់ឈ្មោះតែមួយ ហើយបច្ចុប្បន្ន មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត និងធនាគារម៉ារូហាន់ ទាំងពីរមានដើមទុនសរុបប្រមាណ ១២០លានដុល្លារអាមេរិក។

យោងតាមទស្សនាវដ្តីពាណិជ្ជកម្ម កម្ពុជា ដែលចេញផ្សាយលេខ ១៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ដោយបានធ្វើកិច្ចសម្ភាសន៍ ជាមួយលោកបណ្ឌិត ប៊ុន​ មុនី​ បានប្រាប់អំពីយុទ្ធសាស្ត្ររបស់ស្ថាបនា គឺផ្ដោតសំខាន់លើការជួយអ្នកក្រ ដោយផ្ដល់កម្ ចីដើម្បីជួយជីវភាពពួកគាត់មានការរីកចម្រើន។ ក្នុងនោះក៏ផ្ដោតសំខាន់លើសហគ្រាសធុនតូច និងមធ្យម (SME) ដែរ។

គួរជម្រាបដែរថាតាមទស្សនាវដ្ដីដដែល  បានសរុបអាជីវកម្មផ្ដល់កម្ចីតូចៗ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងអស់ មានរហូតដល់ជាង ២៤៥ស្ថាប័ន ក្នុងនោះស្ថាប័នលេចធ្លោបំផុតមានចំនួនប្រាំពីរ ដែលស្ថាប័នស្ថិតក្នុងលំដាប់ខ្ពស់រួមមាន មីក្រូហិរញ្ញវត្ថុប្រាសាក់ អេអឹមខេ និងមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត៕

គិត​ត្រឹម​ខែ​តុលា ធនាគារ​អេ​ស៊ី​លី​ដា​ចំណេញ​​ប្រាក់​​ជិត​៩២​លាន​ដុល្លារ​អាមេរិក


រាជធានី​ភ្នំពេញ​៖​ ​លោក​បណ្ឌិត​ អិុន​ ចាន់​នី​ ប្រធាន​នាយក​ប្រតិបត្តិ​ ធនាគារ​អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ បាន​អះអាង​​ឲ្យ​ដឹង​ថា​​ គិត​មក​ត្រឹម​ខែ​តុលា​ ឆ្នាំ​២០១៥​នេះ​ ធនាគារ​​រ​អេ​ស៊ី​លី​ដា បាន​ចំណេញ​​ទឹក​ប្រាក់​​ជិត​៩២​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​​យោង​តាម​ប្រភព​ចុះ​ផ្សាយ​​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​​នៅ​​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ​។

តាម​ការ​ដកស្រង់​សម្ដី​របស់​លោក​បណ្ឌិត​ អិុ​ន​ ចាន់​នី​ ប្រធាន​នាយក​ប្រតិបត្តិ​ ធនាគារ​អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ ​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់​ថា​ ឥណទាន​ដែល​​លេចធ្លោ​ផ្ដល់​ឲ្យ​អតិថិជន​ គឺ​ផ្នែក​ពាណិជ្ជកម្ម​ ​ដែល​មាន​​ប្រមាណ​ជា​៤០​ភាគរយ​ នៃ​ឥណទាន​សរុប​ ​ហើយ​បន្ទាប់​មក​ គឺ​ឥណទាន​ផ្នែក​កសិកម្ម​ មាន​ប្រមាណ​ជា​២០​ភាគរយ​ ​គិត​មក​ត្រឹម​ខែ​តុលា ឆ្នាំ​២០១៥​នេះ​។

​​​ស្រង់​ពី​ប្រភព​ដដែល​ លោក​​បណ្ឌិត​ អិុ​ន​ ចាន់​នី​ បាន​​និយាយ​ដូច​នេះ​ថា “ឥណទាន​ពាណិជ្ជកម្ម​ដែល​លូតលាស់​ខ្លាំង​ ដោយសារ​តែ​រយៈពេល​វា​ខ្លី​ ហើយ​វា​ត្រូវ​នឹង​ប្រភព​ទុន​របស់​យើង​ ​ជា​ពិសេស​ទុន​របស់​យើង​ សម្រាប់​ផ្គត់ផ្គង់​ការ​ទូទាត់​ផ្នែក​ឥណទាន​សម្រាប់​ក្នុងស្រុក​ ដែល​មាន​ប្រមាណ​ជា​២.៧០០​លាន​ដុល្លារ​អា​មេ​រិ​ក”​។​
​​​​​ករណី​កំណើន​ធនាគារ​ចេះ​តែ​កើន​ឡើង​ តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថា​ ​វា​ជា​ការ​ព្រួយបារម្ភ​នោះ​​ ត្រូវ​បាន​លោក​បណ្ឌិត​​ អិុ​ន​ ចាន់​នី​ បកស្រាយ​ថា​ វា​ជា​រឿង​ល្អ​ ព្រោះថា​កំណើន​ធនាគារ​ ពិតជា​​កើន​​ឡើង​​​មែន​ ប៉ុន្តែ​រាល់​​ឥណទាន​នៅ​កម្ពុជា​ គឺ​មិនមែន​ឥណទាន​សម្រាប់​យក​ ទៅ​ប្រើប្រាស់​សម្រាប់​ទិញ​ឧបករណ៍​សម្ភារៈ​ទំនើប​នោះ​ទេ​ វា​ជា​ឥណទាន​សម្រាប់​ផលិតកម្ម​​របស់​ខ្លួន​ហៅ​ថា ​(​ Productive​ Loan)។
លោក​បណ្ឌិត​​បញ្ជាក់​ថា​  ឥណទាន​សម្រាប់​ផលិតកម្ម ​(​ Productive​ Loan) ​​​គឺ​ពួក​គាត់​ខ្ចី​លុយ​យក​ទៅ​ចាប់​ផ្ដើម​រកស៊ី​ និង​ពង្រីក​ មុខរបរ​ទាំង​សហគ្រាស​ខ្នាត​មធ្យម​និង​ធុន​តូច​បំផុត​ ដើម្បី​បង្កើត​ប្រាក់​ចំណូល​បង្កើន​ការងារ​ ហើយ​ឥណទាន​បែប​នេះ ​គេ​ហៅ​ថា​ឥណទាន​សុវត្ថិភាព៕