​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​​ ​ប្រាប់​ពី​វិធី​បង្ការ​និង​​ទប់​ស្កាត់​ជំងឺ​ស្រឡទែន

រាជធានី​ភ្នំពេញ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​​នៅ​កម្ពុជា ​បាន​ជូន​ដំណឹង​ជា​សាធារណៈ ​​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥​នេះ​ថា  ​នា​ពេល​កន្លង​មក​ថ្មី​​ៗ​នេះ នាយកដ្ឋាន​​បាន​ទទួល​​របាយការណ៍​អំពី​ការ​កើត​មាន​ឡើង​នៃ​ជំងឺ​ស្រឡទែន ​​ដោយ​បណ្ដាល​មក​​ពី​មេ​រោគ​វីរុស​ដែល​ប៉ះពាល់​ទៅ​ដល់​ក្រពេញ​ទឹក​មាត់​។ 

​ដូច​នេះ ដើម្បី​ទប់​ស្កាត់​ជំងឺ​ស្រឡទែន​ខាង​លើ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ ​​បាន​ផ្ដល់​សារ​នៃ​ការ​អប់រំ​មួយ​ចំនួន​ ដូច​មាន​ខាង​ក្រោម​៖

​ស្រឡទែន​ (Mumps) គឺ​កើត​ឡើង​បណ្ដាល​ពី​មេរោគ​វីរុស​ដែល​ប៉ះពាល់​ទៅ​ដល់​ក្រពេញ​ទឹក​មាត់ ហើយ​វីរុស​​នេះ​ឆ្លង​តាម​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ឬ​តាម​ដំណក់​តូច​ៗ​ ចេញ​ពី​ផ្លូវ​ដង្ហើម​របស់​អ្នក​ជំងឺ​ស្រឡទែន។ 

ប្រភព​ខាង​លើ​បាន​បន្ត​ថា ជា​ធម្មតា​រោគ​សញ្ញា​ដំបូង​គឺ​កើត​ឡើង​នៅ​២-៣​សប្ដាហ៍​ បន្ទាប់​ពី​ការ​ឆ្លង​មេ​រោគ​វីរុស ​ដោយ​មាន​អាការ​រួម​មាន ឈឺ​ក្បាល ឈឺ​សាច់​ដុំ គ្រុន​ក្ដៅ​ស្ទេញ​ៗ​ និង​ល្ហិតល្ហៃ​ហើយ​មិន​យូរ​ប៉ុន្មាន មាន​ហើម​ប៉ោង​ក្រពេញ​ទឹក​មាត់​នៅ​គុម្ព​ត្រចៀក ផ្នែក​ខាង​មុខ​ម្ខាង​ឬ​ទាំង​សង​ខាង​។ 

វីរុស​នេះ​ជា​ធម្មតា​បណ្ដាល​ឲ្យ​មាន​ជំងឺ​ស្រាល​ចំពោះ​កុមារ​ ប៉ុន្តែ​ចំពោះ​មនុស្ស​ពេញ​វ័យ​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ដូច​ជា ជំងឺ​រលាក​ស្រោម​ខួរ​និង​រលាក​ពង​ស្វាស​ម្ខាង​ឬ​ទាំង​សង​ខាង ហើយ​ស្រឡទែន​នេះ​អាច​បង្ការ​បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ​ តែ​គ្មាន​ឱសថ​ព្យាបាល​ជាក់​លាក់​ទេ គឺ​មាន​តែ​ការ​ព្យាបាល​គាំទ្រ​វេជ្ជសាស្ត្រ​។

តើ​ត្រូវ​ធ្វើ​អ្វី​ពេល​អ្នក​កើត​ស្រឡទែន?

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​​​បញ្ជាក់​ពី​​វិធី​សាស្ត្រា​​មួយ​ចំនួន ​សម្រាប់​អ្នក​កើត​ជំងឺ​ស្រឡទែន​នេះ ​ដូច​ខាង​ក្រោម​៖​

ទី​១ អ្នក​គួរ​តែ​ជៀស​វាង​ប៉ះ​ពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ផ្សេង​ទៀត​ យ៉ាងហោចណាស់​រយៈ​ពេល​៥​ថ្ងៃ​ ក្រោយ​ពី​មាន​ហើម​ប៉ោង​គុម្ព​ត្រចៀក ព្រោះ​ក្នុង​អំឡុង​ពេល​នេះ វា​អាច​ចម្លង​បាន​។

ទី​២ រយៈ​ពេល​ដែល​មេ​រោគ​វីរុស​ចូល​រហូត​ដល់​ចេញ​រោគ​សញ្ញា​មាន​ពី​១២​ថ្ងៃ​ទៅ​២៥​ថ្ងៃ។

ទី​៣ អ្នក​មិន​គួរ​ទៅ​ធ្វើការ​ឬ​ទៅ​សាលា​រៀន​ទេ ដោយ​អ្នក​គួរ​ស្នាក់នៅ​តែ​ក្នុង​ផ្ទះ​ នៅ​ពេល​ដែល​អ្នក​មាន​ជំងឺ​ស្រឡទែន​និង​កាត់​បន្ថយ​ការ​ប៉ះពាល់​ជាមួយ​មនុស្ស​ដែល​អ្នក​រស់នៅ​ជាមួយ។ ឧទាហរណ៍៖​ ប្រសិន​ជា​អ្នក​អាច​ធ្វើ​បាន ដេក​នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ពី​គេ​។

​លើស​ពី​នេះ​ ​​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​ប្រាប់​ពី​​វិធី​ផ្សេង​មួយ​​ចំនួន​​​ទៀត ​ដែល​គួរ​ធ្វើ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​ស្រឡទែន​​នេះ ដោយ​ទី​១ ខ្ទប់​មាត់​និង​ច្រមុះ​របស់​អ្នក​ជាមួយ​ក្រដាស​ឬ​ក្រណាត់​នៅ​ពេល​ដែល​អ្នក​ក្អក​ឬ​កណ្ដាស់​ហើយ​បោះចោល​ក្នុង​ធុង​សំរាម។ តែ​ប្រសិន​បើ​អ្នក​គ្មាន​ក្រដាស​ឬ​ក្រណាត់​ពេល​អ្នក​ក្អក​ឬ​កណ្ដាស់​ ត្រូវ​ក្អក​ដាក់​ផ្នែក​ខាង​លើ​នៃ​ដើម​ដៃ​របស់​អ្នក​ឬ​កែង​ដៃ ​ដោយ​មិន​មែន​លើ​បាត​ដៃ។

ទី​២ ឧស្សាហ​លាង​ដៃ​របស់​អ្នក​ឲ្យ​បាន​ញឹកញាប់​ជា​មួយ​សាប៊ូ​និង​ទឹក ទី​៣ ជៀសវាង​ចែករំលែក​ភេសជ្ជៈ ឬ​ប្រដាប់ប្រដា​បរិភោគ​ជាមួយ​គ្នា ​និង​​ទី​៤ សម្លាប់​មេ​រោគ​ឲ្យ​បាន​ញឹកញាប់​នៅ​លើ​ផ្ទៃ​ដែល​បាន​ប៉ះពាល់ ដូចជា​ប្រដាប់​ក្មេង​លេង ទ្វារ ​និង​តុ​ជា​ដើម​៕

Related Posts

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​​ ​ប្រាប់​ពី​វិធី​បង្ការ​និង​​ទប់​ស្កាត់​ជំងឺ​ស្រឡទែន
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.