បើគ្មានការស៊ុតបញ្ចូលទីគ្នានៅថ្ងៃស្អែក បឹងកេតនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
Sportក្រុមបឹងកេតអង្គរនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 ប្រសិនបើលទ្ធផលនៅថ្ងៃស្អែកបញ្ចប់ត្រឹម ០-០ ដោយគ្មានការស៊ុតបញ្ចូលទីគ្នា បើទោះក្រុម Yangon United លើសគ្រាប់បាល់ចំណេញក៏ដោយ។ ប៉ុន្តែបើស្មើគ្នាចាប់ពី ១-១ ឡើងទៅ ក្រុម Yangon United គឺជាអ្នកឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុមបឹងកេតអង្គររបស់កម្ពុជា, ក្រុម Yangon United របស់ប្រទេសមីយ៉ាន់ម៉ា និងក្រុម Lao Toyota FC ត្រូវប្រកួតជម្រុះជុំដំបូងដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015។ យ៉ាងណាក្ដី ក្រុម Lao Toyota FC បានអស់ឱកាសហើយ ក្រោយចាញ់ទាំងពីរប្រកួត។ ចំណែកក្រុមបឹងកេតអង្គរ ត្រូវប្រកួតជាមួយក្រុម Yangon United របស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីកាត់សេចក្ដីនៅថ្ងៃស្អែក។
ដំបូងឡើយមានការយល់ច្រឡំថា លុះត្រាបឹងកេតអង្គរឈ្នះទើបអាចមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ះក្រុមមកពីវៀតណាម ដោយសារក្រុមបឹងកេតបានស៊ុតបញ្ចូលទីក្រុម Lao Toyota FC ២គ្រាប់ ខណៈក្រុម Yangon United យកឈ្នះក្រុម Lao Toyota FC ៥-២។ មានន័យថាក្រុម Yangon United មានគ្រាប់ចំណេញ៣ ឯបឹងកេតអង្គរមានតែ ២គ្រាប់ប៉ុណ្ណោះ។
យ៉ាងណាមិញ គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ Toyota Mekong Club Championship 2015 បានពន្យល់ពីរូបមន្តដើម្បីឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅក្នុងសន្និសីទកាលពីព្រឹកមិញនេះ ដើម្បីឲ្យកាន់តែច្បាស់។ តាមរូបមន្តពិន្ទុគ្រាប់ស៊ុតក្រៅដី ប្រសិនបើក្រុមបឹងកេតអង្គរ អាចរក្សាលទ្ធផលត្រឹម ០-០ ក៏បានឈានទៅវគ្គបន្តដែរ មិនចាំបាច់យកឈ្នះនោះទេ ប៉ុន្តែបើស្មើដោយមានគ្រាប់បាល់គឺក្រុម Yangon United ជាអ្នកឡើង។
ក្រុមបឹងកេតអង្គរបានស៊ុតបញ្ចូលទីក្រុមឡាវ Lao Toyota FC ២គ្រាប់ ដែលមួយគ្រាប់ស្មើនឹង ២ពិន្ទុ ដូចនេះមាន ៤ពិន្ទុលើគ្រាប់បាល់។ ចំណែកក្រុម Yangon United បានយកឈ្នះក្រុម Lao Toyota FC ៥-២ ក្នុងទឹកដីខ្លួន ដែលមួយគ្រាប់គិតមួយពិន្ទុ មានត្រឹម ៣ពិន្ទុប៉ុណ្ណោះ។ ដូចនេះបើស្មើគ្នា ០-០ គឺបឹងកេតលើសពិន្ទុគ្រាប់ស៊ុត តែបើស្មើគ្នាដោយមានគ្រាប់ស៊ុតចាប់ពី ១-១ ឡើងទៅ គឺពិន្ទុគ្រាប់ស៊ុតស្មើគ្នា ដូចនេះគិតតាមរូបមន្តគ្រាប់បាល់ចំណេញវិញម្ដង ដែលធ្វើឲ្យក្រុម Yangon United ជាអ្នកឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំពោះលទ្ធផលឈ្នះចាញ់ គឺច្បាស់ណាស់ថាក្រុមឈ្នះជាអ្នកឡើង។
ក្រុមបឹងកេតអង្គរនឹងទទួលក្រុម Yangon United របស់ប្រទេសមីយ៉ាន់ម៉ានៅវេលាម៉ោង ៦:៣០នាទីស្អែក នាទីលានពហុកីឡដ្ឋានជាតិ ក្នុងវគ្គជម្រុះដំបូង។ ក្រុម Becamex Binh Duong FC របស់វៀតណាមបានរង់ចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំណែកក្រុម Buriram United របស់ថៃរង់ចាំនៅវគ្គផ្ដាច់ព្រ័ត្រ៕