ក្រុមបិសាចក្រហម Manchester United នឹងធ្វើដំណើរទៅ King Power Stadium ប៉ះក្រុមកំពុងឡើងជើងខ្លាំង Leicester City ក្នុងការប្រកួត Premier League សប្ដាហ៍ទី១៤ និងជាការប្រកួតកាត់ក្តីរកក្រុមកំពូលតារាងផងដែរ នាវេលាម៉ោង១២:៣០នាទីរំលងអាធ្រាត្រយប់នេះ។
សម្រាប់ក្រុម Man Utd ដែលមានទម្រង់អន់ខ្សោយនៅតំបន់ប្រយុទ្ធនោះ មានកីឡាកររបួសដល់ទៅ៧នាក់ ខណៈដែលខាង Leicester ខ្សែប្រយុទ្ធឆ្នើម Jamie Vardy ដែលជា Top Scorer នៅ Premier League បច្ចុប្បន្ន កំពុងចង់បំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រស៊ុតចូល១១ប្រកួតជាប់ៗគ្នាក្នុងលីក បើរូបគេអាចស៊ុតចូលបិសាចក្រហមយប់នេះទៀត។
សម្ដីអ្នកចាត់ការ៖
Claudio Ranieri អ្នកចាត់ការក្រុម Leicester បាននិយាយថា៖ “វាជាការប្រកួតដ៏ធំបំផុតនៅ Premier League សប្ដាហ៍នេះ។ យើងជាក្រុមកំពូលតារាង ហើយវាពិតជាស័ក្ដិសមសម្រាប់ក្រុមយើង។ សម្រាប់ពួកយើង នេះជាការប្រកួតមួយទៀត ដែលបង្ហាញឲ្យយើងឃើញថា យើងរីកចម្រើនប៉ុណ្ណា”។
រីឯ Louis van Gaal អ្នកចាត់ការក្រុម Man Utd បាននិយាយថា៖ “បើយើងមិនបង្កើតឱកាសទេ យើងនឹងព្រួយបារម្ភ ប៉ុន្តែមិនបោះបង់ការព្យាយាមទេ។ ជាក់ស្ដែង លទ្ធផលរបស់ក្រុមយើង ក៏ល្អដែរ ដែលនេះជាមូលហេតុ ដែលយើងស្ថិតនៅលេខ២ក្នុងលីក និងនៅ UEFA Champions League”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Leicester ខ្សែប្រយុទ្ធ Vardy អាចលេងបានធម្មតា ទោះបារម្ភរឿងបញ្ហាត្រគាកបន្តិចបន្តួច។ ចំណែកឯ Matty James នឹងបន្តអវត្តមាន ដោយសាររបួសជង្គង់។ ដូច្នេះ១១នាក់ដំបូងរបស់ម្ចាស់ផ្ទះអាចជា៖ Schmeichel; Simpson, Morgan, Huth, Fuchs; Drinkwater, Kante, Albrighton, Mahrez; Ulloa, Vardy។
ចំណែកឯក្រុមភ្ញៀវ Man Utd នឹងអវត្តមានកីឡាករ៧នាក់មានដូចជា Phil Jones របួសកជើង, Ander Herrera របួសសរសៃពួរ, Michael Carrick មិនទាន់ Fit ១០០%, Luke Shaw និង Antonio Valencia របួសរយៈពេលវែង ខណៈដែល Marcos Rojo និង Jesse Lingard ទើបតែមានបញ្ហារបួសទៀត។ ដូច្នេះ១១នាក់ដំបូងរបស់បិសាចក្រហម អាចជា៖ De Gea; Young, Smalling, McNair, Blind; Schneiderlin, Schweinsteiger; Depay, Rooney, Mata; Martial។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
ក្រុម២នេះ ជួបគ្នា១១ដងចុងក្រោយនៅ Premier League ក្រុម Man Utd ឈ្នះ១០ដង ប៉ុន្តែ Leicester ១ដងលើកចុងក្រោយរដូវកាលមុន ដោយលទ្ធផល ៥-៣។
Vardy ស៊ុតចូល១០ប្រកួតជាប់ៗគ្នានៅ Premier League ស្មើកំណត់ត្រារបស់វីរបុរសក្រុមបិសាចក្រហម Ruud van Nistelrooy ហើយកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ នឹងបំបែកកំណត់ត្រា បើស៊ុតចូលយប់នេះទៀត។
១៣ប្រកួតរបស់ Leicester នៅ Premier League រដូវកាលនេះ ស៊ុតបាន៤៨គ្រាប់ ច្រើនជាងក្រុមណាៗទាំងអស់៕
ព្យាករណ៍គូនេះគឺ៖ Leicester ១-១ Man Utd, ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
គូប្រកួតទាំងអស់យប់នេះគឺ៖
បិសាចក្រហម អាចស៊ី Leicester ឡើងកំពូលតារាងបានអត់យប់នេះ?
4/
5
Oleh
Unknown