ភ្នំពេញ៖ បន្ទាប់ពីកំពង់ផែស្វយ័តក្រុងភ្នំពេញហៅកាត់ថា PPAP បានធ្វើប៊ុកបៀលឌីង សម្រាប់វិនិយោគិនជាស្ថាប័នរួចមក ក្រុមហ៊ុនដែលជាសហគ្រាសរដ្ឋ ប្រតិបត្តិការកំពង់ផែធំទីពីរនៅកម្ពុជា បានកំណត់តម្លៃភាគហ៊ុនរបស់ខ្លួនក្នុងតម្លៃ ៥១២០រៀល (១.២៦ដុល្លារអាមេរិក) ខណៈសហគ្រាសនេះរំពឹងថា នឹងប្រមូលធនចំនួន ៥.២លានដុល្លារអាមេរិក នៅក្នុងការបោះផ្សាយមូលបត្រសាធារណៈ(IPO) ជាលើកដំបូង។
ក្នុងការបោះផ្សាយមូលបត្រសាធារណៈជាលើកដំបូង (IPO) របស់កំពង់ផែស្វយ័តក្រុងភ្នំពេញនេះ រំពឹងថានឹងរកបានប្រាក់ចំនួន ៥.២លានដុល្លារអាមេរិក តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចំនួន ២០ភាគរយនៅលើទីផ្សារកម្ពុជា នៅក្នុងខែធ្នូខាងមុខនេះ។ ម្យ៉ាងវិញទៀតក្នុងរយៈពេលកន្លងមក គេសម្លឹងឃើញថាបន្ទាប់ពី PPAP ប្រកាសបោះផ្សាយមូលបត្រសាធារណៈនេះ ហាក់ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគក្នុង ផ្សារហ៊ុននេះ។
លោក Thomas Hugger អគ្គនាយកក្រុមហ៊ុនវិនិយោគ Asia Frontier Capital បានមានប្រសាសន៍ថា លទ្ធផលតម្លៃភាគហ៊ុនរបស់ PPAP បង្ហាញពីចំណាប់អារម្មណ៍របស់វិនិយោគិន ទំនងជាមិនខ្ពស់ដូចការរំពឹងរបស់មនុស្សមួយចំនួននោះទេ តែតម្លៃនេះអាចជួយគាំទ្រតម្លៃរបស់ភាគហ៊ុន នៅពេលធ្វើការជួញដូរ។
បន្ថែមពីលើនេះដែរ តម្លៃភាគហ៊ុនរបស់ PPAP ស្ថិតក្នុងចន្លោះតម្លៃពី ៤៤០៥ រៀល ដល់ ៦៣០២ រៀល (ពី ១.០៨ ដល់ ១.៥៥ ដុល្លារ) ដែលបានកំណត់ក្នុងពេលធ្វើប៊ុកបៀលឌីង ផ្ដល់ឲ្យសហគ្រាសរដ្ឋមួយនេះនូវ មូលធនីយកម្មទីផ្សារចំនួន ២៦លានដុល្លារអាមេរិក។ ហើយបើតាម PPAP បានឲ្យដឹងថា ខ្លួនគ្រោងនឹងប្រើប្រាស់មូលធន ដែលប្រមូលនេះ ដើម្បីផ្ដល់មូលនិធិក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន។
នារយៈពេលចុងក្រោយនេះ រដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចការ IPO របស់ PPAP ដោយសង្ឃឹមថានឹង ពង្រឹងទីផ្សារមូលធនរបស់ប្រទេសនេះ។ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បាន ព្យាយាមទាក់ទាញវិនិយោគិន ចាប់តាំងពីការចាប់ផ្ដើមដំណើរការដំបូងកាលពីឆ្នាំ ២០១១ ហើយមានក្រុមហ៊ុនតែពីរប៉ុណ្ណោះបានចុះបញ្ជី៕
កំពង់ផែស្វយ័តក្រុងភ្នំពេញ កំណត់តម្លៃភាគហ៊ុន ៥១២០៛ ក្នុងការបោះផ្សាយមូលបត្រសាធារណៈ ជាលើកដំបូង
4/
5
Oleh
Unknown