យុវវ័យនិងស្នេហា៖ ការស្នើសុំឪពុកម្ដាយដើម្បីរៀបចំការជាមួយមនុស្សដែលខ្លួនស្រឡាញ់របស់យុវវ័យមួយចំនួនតែពួកគាត់មិនព្រម បានធ្វើឲ្យក្លាយជាកង្វល់ និងជាបញ្ហាមួយរបស់ពួកគេក្នុងការសម្រេចចិត្ត ព្រោះថាមួយជាមនុស្សដែលខ្លួនស្រឡាញ់ និងមួយទៀតជាអ្នកមានគុណ។ ចុះបើសិនជាករណីនេះ គូស្នេហ៍អាចស្នើសុំចុះបញ្ជីរៀបការបានអត់? បើម្ដាយឪពុកបដិសេធ។
ឆ្លើយតបនិងករណីនេះយុវតី ចាន់ លីនី វ័យ១៩ឆ្នាំ ដែលទើបតែបានប្រឡងជាប់បាក់ឌុបឆ្នាំ២០១៥នេះនិយាយថា បើតាមការធ្លាប់ដឹងកន្លងមក បុរសនារីដែលពេញវ័យរៀបការ អាចស្នើសុំចុះអេតាស៊ីវិលបាន ទោះបីជាម្ដាយឪពុកមិនព្រមក៏ដោយ សំខាន់គាត់ស្រឡាញ់គ្នា ចេះអត់ឱនឲ្យគ្នា ហើយគិតថាខ្លួនអាចកសាងគ្រួសារមួយប្រកបដោយសុភមង្គលបាន។
កញ្ញា លីនី៖ “បើពួកគាត់ស្រឡាញ់គ្នាពិតនិងគិតថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ ដូច្នេះគាត់អាចទៅសុំចុះបញ្ជីអាពាហ៍ពិពាហ៍បាននៅសាលាឃុំ ព្រោះច្បាប់មិនបានហាមនោះទេ“។
ដោយឡែកយុវជនឈ្មោះ ឈិន ជិន វ័យ២៣ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាលើកឡើងថា វាមិនទាស់ខុសអ្វីនោះទេបើសិនជាគូស្នេហ៍វ័យគ្រប់ការស្រឡាញ់គ្នា ហើយចង់ស្នើសុំសំបុត្រអាពាហ៍ពិពាហ៍នៅសាលាសង្កាត់នោះ ទោះជាម្ដាយឪពុកខាងណាមិនព្រមក៏ដោយឲ្យតែពួកគាត់មានសមត្ថភាពគ្រប់គ្រាន់លើកផ្នែកសេដ្ឋកិច្ច។
យុវជន ឈិន ជិន៖ “បើតាមនីតិគ្រួសារ មិនអាចហាមឃាតនោះចំពោះគាត់ ឲ្យតែស្រឡាញ់គ្នាហើយពួកគាត់អាចរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារបាន អាចទ្រទ្រង់លើការចំណាយខ្លួនបាន ចង់មានន័យថាគាត់ឯករាជ្យលើខ្លួនបាន គាត់ធ្វើបានហើយ”។
ទាំងនេះគ្រាន់តែជាទស្សនៈរបស់យុវជនខាងលើកប៉ុណ្ណោះ តែដើម្បីឲ្យយល់កាន់តែច្បាស់នោះសូមបង្វែរអារម្មណ៍មិត្តអានមកជួបនិងការលើកឡើងរបស់អ្នកជំនាញផ្នែកច្បាប់វិញម្ដង។
លោកមេធាវី កែវ វ៉ាន្នី សាស្ត្រាចារ្យច្បាប់ ជំនាញនីតិរដ្ឋប្បវេណីនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត បានមានប្រសាសន៍ឲ្យដឹងថា បើតាមមាត្រ៩៤៨នៃក្រមរដ្ឋប្បវេណីបានបញ្ជាក់ថា បុគ្គលដែលមានអាយុចាប់១៨ឆ្នាំទៅ(នីតិជន) អាចរៀបការបាន ដោយមិនចាំបាច់មានការអនុញ្ញាតពីឪពុកម្ដាយនោះទេ។ ការរៀបការនេះធ្វើឡើងដោយគោលការណ៍ស្ម័គ្រ ហើយឪពុកម្ដាយមិនអាចជាឧបសគ្គក្នុងការរៀបការឡើយ។
មេធាវីរូបនេះបានបន្តថា៖ ដើម្បីរៀបការបាន បុគ្គលទាំងពីរគ្រាន់តែបំពេញតាមនីតិវិធីទាំង៤ចំណុចនៃមាត្រា៩៥៥ រួមមាន៖ ទី១. ការជូនដំណឹងដែលបានសុំការអនុញ្ញាតពីមន្ត្រីអត្រានុកូលដ្ឋាន, ទី២.ធ្វើប័ណ្ណប្រកាស គឺប្រកាសជាសាធារណៈ, ទី៣. ចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងចុងក្រោយគឺការចុះបញ្ជីអាពាហ៍ពិពាហ៍៕
បើម្ដាយឪពុកមិនព្រម គូរស្នេហ៍អាចស្នើសុំចុះបញ្ជីរៀបការបានអត់ ?
4/
5
Oleh
Unknown