កត្តា​៤​ចំណុច​ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ​ទទួល​ទិន្នផល​ស្រូវ​ខ្ពស់​និង​លក់​បាន​ថ្លៃ

ស្រប​ពេល​ដែល​រដូវ​ប្រមូល​ផល​របស់​បងប្អូន​ប្រជាកសិករ​កម្ពុជា​យើង​បាន​ខិត​ជិត​ចូល​មក​ដល់​នោះ​ថ្ងៃ​នេះ​គេហទំព័រ​​ព័ត៌មាន​ ​Boyd News សូម​ណែ​នាំ​នូវ​កត្តា​សំខាន់​ៗ​ បួន​ចំណុច​ដែល​អាច​នាំ​ឲ្យ​បង​ប្អូន​ប្រជាកសិករ​យើង​​អាច​ទទួល​​ទិន្នផល​​ខ្ពស់​សម្រាប់​ការ​ដាំ​ដុះ​ស្រូវ  ដែល​ក្នុងនោះ​ការ​ជ្រើស​រើស​ពូជ​គឺជា​រឿង​សំខាន់​។​
បើ​យោង​តាម​អត្ថបទ​ផ្សព្វ​ផ្សាយ​របស់​អង្គការ​ CEDAC ស្តី​ពី “​ការ​ជ្រើស​រើស​និង​ទុក​ដាក់​ពូជ​ស្រូវឲ្យ​បាន​ល្អ​សម្រាប់​ប្រើ​ប្រាស់​នូវ​រដូវ​ក្រោយ” ​​បាន​ឲ្យដឹង​ថា ​ដើម្បី​ទទួល​បា​នូវ​ទិន្នផល​គួរ​ជាទី​គាប់​ចិត្ត​ ឬ​បាន​ច្រើន​ ​កសិករត្រូវ​ចេះ​ចម្រាញ​ពូជ​ស្រូវ​របស់​ខ្លួន​​ឲ្យ​​បាន​សុទ្ធ​ល្អ​ និង​មាន​ទំហំ​វែង​ ដែល​ជា​កត្តាមួយ​​ជំរុញ​ឲ្យ​មាន​ទិន្ន​ផល​ខ្ពស់​។
ក្នុង​នោះ​ដែរ ដើម្បី​ទទួល​បាន​ពូជសុទ្ធ​បែប​នេះ​ កសិករ​គួរ​តែ​អនុវត្តន៍​នូវចំណុច​​​បួន​ ដូច​ត​ទៅ​​នេះ​៖ ទី​មួយ​​កសិករ​​ត្រូវ​ជ្រើស​រើស​កន្លែង​ណា​​ ដែល​ស្រូវ​លូត​លាស់​បាន​ល្អ​ជា​គេ សម្រាប់​ច្រូត​ទុក​ជា​ពូជ។ ទីពីរ រើស​យក​ពូជ​ណា​ដែល​មាន​កួរ​មិនល្អ​ និង​កួរ​ខ្លី​ចេញ ដោយ​សំ​រាំង​ទុក​កួរ​ដែល​វែង​ហើយ​សុទ្ធ​។ យកល្អ​​ កួរ​ដែល​បាន​រើស​រួច​​ គួរ​ប្រឡេះ​យក​ស្មែង​ខាង​ក្រោម​ និង​ខាង​លើ​ចេញ ដោយ​ទុក​តែ​ស្មែង​កណ្ដាល​បាន​ហើយ។
​​​​ទី​បី យក​កូរ​ដែល​រើស​​បាន​មក​ប្រឡេះ ឬ​បែន​នឹង​ជើង ដើម្បី​គ្រាប់​ស្រូវ​​ទុក​ធ្វើ​ជា​ពូជ ហើយ​បើ​ឲ្យ​ល្អ​មែន​ទែន​គួរ​ប្រឡេះ​ដោយ​ដៃ ជៀស​វាង​ការ​បោក​ដោយ​ដៃ​ ឬ​បោក​ដោយ​ម៉ាស៊ីន។ និង​ទី​បួន​ យក​គ្រាប់​ស្រូវ​ហាល​ឲ្យ​បាន​ស្ងួត​និង​រក្សា​ទុក​ឲ្យ​បាន​ល្អ​ តែ​គួរ​ឧស្សាហ៍​យក​វា​ចេញ​មក​ហាល​ដើម្បី​រក្សា​ភាព​ស្ងួត​ឲ្យ​បាន​ល្អ។
សម្រាប់​កិច្ចការ​ទាំង​អស់​នេះ​ មើល​ទៅ​ហាក់បី​​ដូចជា​ចំណាយ​កម្លាំង​ច្រើន​បន្តិច​ហើយ​​​​​​​ ប៉ុន្តែ​ការ​ចំណាយ​នេះ វា​នឹង​ផ្ដល់​ផល​ចំណេញ​ច្រើន​សម្រាប់​កសិករវិញ​នៅ​រដូវ​ក្រោយ ដោយ​ទិន្នផល​ស្រូវ​នឹង​កើន​ឡើង​​​​​២០​ភាគ​រយ ហើយ​គ្រាប់​ស្រូវ​វិញ​នឹង​សុទ្ធ​ល្អ ព្រម​ទាំងអាច​​លក់​បាន​ថ្លៃ។ ម្យ៉ាងទៀត​ដើម្បី​ច្បាស់​ថា ការ​ចំណាយ​បន្ថែម​អស់​ប៉ុន្មាន​ កសិករ​ត្រូវ​កត់​ត្រា​ពេល​វេលា​ និង​ថ្លៃ​កម្លាំង​ពលកម្ម​ក្នុង​ការ​រើស​កួរ ប្រឡេះ​ ឬ​បែន​ស្រូវ​ទុក​ពូជ​៕​​​​​​​

Related Posts

កត្តា​៤​ចំណុច​ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ​ទទួល​ទិន្នផល​ស្រូវ​ខ្ពស់​និង​លក់​បាន​ថ្លៃ
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.