ភ្នំពេញ៖ពហុកីឡាដ្ឋានជាតិ មរតកតេជោ ដែលមានចម្ងាយ១៥គីឡូម៉ែត្រ មានទីតាំងស្ថិតក្នុងខណ្ឌឫស្សីកែវ ភាគខាងជើងរាជធានីភ្នំពេញនោះ នឹងត្រូវស្ថាបនា រួចរាល់នៅឆ្នាំ ២០២០ខាង មុខនេះ។ បន្ទាប់ពីរដ្ឋាភិបាល បានជ្រើសរើសយកជម្រើសសំណង់ ពហុកីឡាដ្ឋានជាតិមរតកតេជោហើយ ក្រុមហ៊ុនបច្ចេកទេស បានធ្វើការកែសម្រួល ដោយដាក់បញ្ចូលនូវផ្ការំដួល ដែលឆ្លុះបញ្ចាំងពីវប្បធម៌របស់កម្ពុជា នៅក្នុងពហុកីឡាដ្ឋានជាតិនោះផងដែរ។
ពហុកីឡាដ្ឋានជាតិនេះនឹងធ្វើការសាងសង់ ដោយមានដំបូល ដែលអាចចាំងពន្លឺចូលបានផង និងអាចឱ្យខ្យល់ ចេញចូលបានផង ដើម្បីធ្វើយ៉ាងណាឱ្យមានពន្លឺ និងមានខ្យល់ត្រជាក់នៅក្នុងនោះ ហើយក៏មានស្រះទឹកព័ទ្ធ ជុំវិញផងដែរ។
ពហុកីឡាដ្ឋានជាតិមរតកតេជោនេះ នឹងអាចទទួលទស្សនិកជន ចំនួនប្រមាណ៦ម៉ឺននាក់ ដើម្បីចូលមកទស្សនា។ ជារួមស្ថាបត្យកម្មពហុកីឡាដ្ឋានអូឡាំពិកនេះ គឺឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរពិតៗ ហើយក៏បានឆ្លុះបញ្ចាំងអំពីបរិស្ថានបៃតងនៅជុំវិញទីនោះផងដែរ បន្ថែមទៅដោយហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើ ចរាចរណ៍យ៉ាងងាយស្រួល ក៏ដូចជាសម្រាប់ការថែទាំពហុកីឡាដ្ឋានជាតិនេះផងដែរ។
ក្រុមបច្ចេកទេសនិយាយថា ពហុកីឡាដ្ឋានជាតិនេះ គឺអាចប្រើប្រាស់ជាការិយាល័យ ធ្វើការ ក៏ដូចជាកន្លែងហ្វឹកហាត់អត្តពលកម្ម កីឡាបាល់ទាត់ សម្រាប់កម្មវិធីជាតិនានា ក៏ដូចជាសម្រាប់ ការ តាំងពិព័រណ៍ផ្សេងៗ។ ម្យ៉ាងទៀត នៅក្នុងនោះក៏អាចធ្វើជាកន្លែងសម្ដែងខុនសឺត ឬការិយាល័យផងដែរ ដើម្បីជួលទាញយកកម្រៃយកមកថែទាំពហុកីឡាដ្ឋានជាតិនេះដោយខ្លួនឯង។ ពហុកីឡាដ្ឋានជាតិនេះ បើតាមគម្រោងនឹងធ្វើការសាងសង់ចប់នៅឆ្នាំ២០២០។
ជាការឆ្លើយតប ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា ការជ្រើសរើសជម្រើសពហុកីឡាដ្ឋានជាតិ ដែលមានរាងជាសំពៅនេះ គឺមានមូលហេតុថា ក្នុងប្រវត្តិសាស្ត្រចិនធ្វើទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេស នៅអាស៊ីអាគ្នេយ៍តាមរយៈសំពៅ ហើយថ្មីៗនេះ ចិនក៏បានដាក់ចុះនូវផ្លូវសូត្រសមុទ្រសតវត្សទី២១ រួមទាំង នយោបាយផ្លូវមួយ ខ្សែក្រវាត់មួយផងដែរ ដែលនេះគឺជាការជ្រើសរើស យកជម្រើសពហុកីឡាដ្ឋានជាតិ មានចារឹកជាសំពៅនេះ។
លើសពីនេះប្រមុខរាជរដ្ឋាភិបាលក៏បានសម្ដែងនូវការរីករាយដែលពហុកីឡាដ្ឋានជាតិនេះ ត្រូវបានអ្នកបច្ចេកទេសយកចិត្តទុកដាក់ ទៅលើបញ្ហាជំនឿ និងការថែទាំពហុកីឡាដ្ឋានជាតិនេះ ដោយសម្ដេចបានមានប្រសាសន៍ថា តាមបទពិសោធន៍ កន្លងមក ការសាងសង់គឺជាការពិបាកមួយហើយ ប៉ុន្តែបន្ទាប់ ពីការសាងសង់ហើយនោះ ការធ្វើឱ្យមាននិរន្តរភាពនិងការថែទាំគឺកាន់តែពិបាកថែមទៀត៕
ពហុកីឡាដ្ឋានជាតិមរតកតេជោ នឹងស្ថាបនារួចនៅឆ្នាំ២០២០
4/
5
Oleh
Unknown