មនុស្ស​១៤៧​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំ​ក្នុង​២០១៥

ខេត្ត​បន្ទាយមានជ័យ៖ ​របាយការណ៍​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​ឱ្យ​ដឹង​ថា​ មាន​មនុស្ស​ ប្រមាណ​១៤៧​នាក់​បាន​ស្លាប់​ និង​៤៤០​នាក់​ផ្សេង​ទៀត​រង​របួស​ ធ្ងន់​និង​ស្រាល​ក្នុង​ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ប្រចាំ​ឆ្នាំ​២០១៥​នេះ​ ដែល​បាន​កើត​ ឡើង​ចំនួន​២៨៨​ករណី​។

លោក​វរសេនីយ៍ត្រី​ សួន នីប៉ូ នាយ​រង​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ខេត្ត​បាន​ឱ្យ​ ដឹង​កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ​ថា នៅ​ឆ្នាំ​នេះ​តួលេខ​អ្នក​ស្លាប់ និង​របួស​ធ្ងន់​ស្រាល​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ក្នុង​ខេត្ត​នេះ​ ឃើញ​ថា​នៅ​តែ​មាន​ច្រើន​ ទោះ​បី​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​ដែល​បាន​កើត​ឡើង​មាន​ការ​ថយ​ចុះ​ចំនួន​ ១៨​ករណី​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​ កើត​ឡើង​ចំនួន​៣០៦​ករណី។

លោក​បាន​ឱ្យ​ទៀត​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ដោយ​កត្តា​មនុស្ស​ចំនួន​២៨០​ករណី ​ដោយ​​​យានយន្ត​៦​ករណី ​អាកាសធាតុ​១​ករណី និង​កត្តា​ផ្លូវ​១​ករណី​។ ​​មាន​ជនសង្ស័យ ​ចំនួន​១១​នាក់​ជា​អ្នក​បើកបរ​បង្កហេតុ​ត្រូវ​បាន​​ក​សា​ង​ សំណុំរឿង​ចាប់​បញ្ជូន​ទៅកាន់​តុលាការ​យក ទៅ​​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​រួចហើយ​ផង​ដែរ​។​

លោក​វរសេនីយ៍ត្រី សួន នីប៉ូ បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ​នៅ​ក្នុង​រយៈពេល​នេះ​កម្លាំង​នគរបាល​ចរាចរណ៍ បាន​ចុះ​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជូន​ដល់​មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​សិស្ស​និស្សិត​នៅ​  តាម​សាលារៀន​នានា​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​ចេះដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ហើយ​ឱ្យ​នាំគ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នេះ​ដើម្បី​ការពារ​ ទប់ស្កាត់ និង​បញ្ចៀស​នូវ​ការ​រង​គ្រោះ​បាត់បង់ជីវិត​និង​ទទួល​រង​របួស​ដោយ​ការ​ប្រការ​ ផ្សេងៗ ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ។​​​ 

គិត​ជា​មធ្យម​នៅ​ទូទាំង​ប្រទេស​ត្រូវ​គេ​មើល​ឃើញ​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ស្លាប់​ពី​៥ ​ទៅ​៦​នាក់​ ក្នុង​១​ថ្ងៃ​។ មិន​តែ​ប៉ុណ្ណោះ​​កម្លាំង​នគរបាល​ចរាចរណ៍​បាន​រឹត​បន្តឹង​នូវ​ការ​ត្រួត​ពិ​និត្យ​ តាម​ដង​ផ្លូវ​នោះ​ផង​ដែរ​។ ​​​លោក​​បាន​អំពាវ នាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ ​ បើកបរ​មានការ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​បន្ទាយ​មានជ័យ​នេះ៕​

Related Posts

មនុស្ស​១៤៧​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំ​ក្នុង​២០១៥
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.