រាជធានីភ្នំពេញ៖ អ្នកជំនាញផ្នែកសុខភាពបានលើកឡើងថា ប្រជាជនខ្មែរដែលមានជំងឺទឹកនោមផ្អែម នឹងមានចំនួនកើនរហូតទៅដល់៣០០.០០០នាក់ (បីសែននាក់) ប្រសិនបើគ្មានវិធានការទប់ស្កាត់ទេនោះ។ នេះបើយោងតាមប្រភពពីសារព័ត៌មានជាតិ AKP។
តាមការដកស្រង់សម្ដីរបស់លោកស្រី ង្វៀន ធីង៉ុក មីញ (NGUYEN THI NGOC Minh) នាយិកាក្រុមហ៊ុន សាណូហ្វីកម្ពុជា បានលើកឡើងកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាម ម្សិញមិញនេះ នៅទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្នុងរាជធានីភ្នំពេញ ឲ្យដឹងថា ជំងឺទឹកនោមផ្អែមជាជំងឺដ៏កាចសាហាវមួយ ដែលមនុស្សយើងងាយនឹងកើតមាន ដោយមិនដឹងខ្លួន។
លោកស្រីបន្តថា ជំងឺទឹកនោមផ្អែមគឺបណ្ដាលមកពីការបរិភោគអាហារ ដែលមានកាឡូរីខ្ពស់ដោយមិនមានការហាត់ប្រាណ ការជក់បារី ឬសេពសុរាច្រើនលើសលប់ ការលើសជាតិស្ករក្នុងឈាមច្រើនពេកបណ្ដាលឲ្យលើសទម្ងន់ នឹងប្រឈមមុខខ្ពស់ទៅនឹងការកើតជំងឺទឹកនោមផ្អែម។
តាមរបាយការណ៍របស់អង្គការ IDF ក្នុងឆ្នាំ២០១៤ បានបង្ហាញថា រយៈពេល៥០ឆ្នាំចុងក្រោយនេះ សន្ទុះនៃការកើនឡើងនៃជំងឺទឹកនោមផ្អែមមានភាពឆាប់រហ័ស ដែលអ្នកជំងឺវ័យកណ្ដាលមានរហូតដល់ទៅ៤០០លាននាក់។
ការសិក្សាវាស់ស្ទង់ក៏បានបង្ហាញថា ចំនួនអ្នកជំងឺទឹកនោមផ្អែម នឹងកើនរហូតដល់៥៩២លាននាក់ នៅត្រឹមឆ្នាំ២០៣៥ ដែលចំនួននេះប្រហែល៥៣ភាគរយលើសពីស្ថិតិឆ្នាំ២០១៤ ហើយរដ្ឋាភិបាល និងអង្គការនានា បានសហការគ្នាយ៉ាងជិតស្និទ្ធ ដោយខិតខំប្រឹងប្រែងធ្វើការអប់រំឲ្យសាធារណជនទាំងអស់ មានការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការទទួលទានអាហារមិនបានត្រឹមត្រូវ ការគ្រប់គ្រងអាហារមានកាឡូរីខ្ពស់ជាដើម។
យោងតាមផ្នែកជំនាញបានបង្ហាញថា ប្រសិនបើអ្នកលើសគីឡូឆាប់អស់កម្លាំង បែកញើសច្រើនឧស្សាហ៍ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ទទួលទានអាហារ និងទឹកច្រើន ឬបត់ជើងតូចញឹកញាប់ ជាពិសេសនៅពេលយប់អ្នកគួរគប្បីប្រញាប់ទៅជួបអ្នកជំនាញ ឬគ្រូពេទ្យជាបន្ទាន់។
ហើយប្រសិនបើអ្នកមិនមានវិធានការទប់ស្កាត់ និងថែទាំសុខភាពឲ្យបានត្រឹមត្រូវទេនោះ ជំងឺទឹកនោមផ្អែមអាចគំរាមកំហែង និងបង្កគ្រោះថ្នាក់ដល់អ្នករហូតបាត់បង់ជីវិត៕
អ្នកជំនាញថា ប្រជាជនខ្មែរមានជំងឺទឹកនោមផ្អែមនឹងកើនឡើងរហូតទៅដល់បីសែននាក់
4/
5
Oleh
Unknown