រាជធានីភ្នំពេញ៖ លោកបណ្ឌិត អិុន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានអះអាងឲ្យដឹងថា គិតមកត្រឹមខែតុលា ឆ្នាំ២០១៥នេះ ធនាគាររអេស៊ីលីដា បានចំណេញទឹកប្រាក់ជិត៩២លានដុល្លារអាមេរិក។ នេះបើយោងតាមប្រភពចុះផ្សាយពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
តាមការដកស្រង់សម្ដីរបស់លោកបណ្ឌិត អិុន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ឥណទានដែលលេចធ្លោផ្ដល់ឲ្យអតិថិជន គឺផ្នែកពាណិជ្ជកម្ម ដែលមានប្រមាណជា៤០ភាគរយ នៃឥណទានសរុប ហើយបន្ទាប់មក គឺឥណទានផ្នែកកសិកម្ម មានប្រមាណជា២០ភាគរយ គិតមកត្រឹមខែតុលា ឆ្នាំ២០១៥នេះ។
ស្រង់ពីប្រភពដដែល លោកបណ្ឌិត អិុន ចាន់នី បាននិយាយដូចនេះថា “ឥណទានពាណិជ្ជកម្មដែលលូតលាស់ខ្លាំង ដោយសារតែរយៈពេលវាខ្លី ហើយវាត្រូវនឹងប្រភពទុនរបស់យើង ជាពិសេសទុនរបស់យើង សម្រាប់ផ្គត់ផ្គង់ការទូទាត់ផ្នែកឥណទានសម្រាប់ក្នុងស្រុក ដែលមានប្រមាណជា២.៧០០លានដុល្លារអាមេរិក”។
ករណីកំណើនធនាគារចេះតែកើនឡើង តាមរយៈការចុះផ្សាយរបស់សារព័ត៌មានថា វាជាការព្រួយបារម្ភនោះ ត្រូវបានលោកបណ្ឌិត អិុន ចាន់នី បកស្រាយថា វាជារឿងល្អ ព្រោះថាកំណើនធនាគារ ពិតជាកើនឡើងមែន ប៉ុន្តែរាល់ឥណទាននៅកម្ពុជា គឺមិនមែនឥណទានសម្រាប់យក ទៅប្រើប្រាស់សម្រាប់ទិញឧបករណ៍សម្ភារៈទំនើបនោះទេ វាជាឥណទានសម្រាប់ផលិតកម្មរបស់ខ្លួនហៅថា ( Productive Loan)។
លោកបណ្ឌិតបញ្ជាក់ថា ឥណទានសម្រាប់ផលិតកម្ម ( Productive Loan) គឺពួកគាត់ខ្ចីលុយយកទៅចាប់ផ្ដើមរកស៊ី និងពង្រីក មុខរបរទាំងសហគ្រាសខ្នាតមធ្យមនិងធុនតូចបំផុត ដើម្បីបង្កើតប្រាក់ចំណូលបង្កើនការងារ ហើយឥណទានបែបនេះ គេហៅថាឥណទានសុវត្ថិភាព៕
គិតត្រឹមខែតុលា ធនាគារអេស៊ីលីដាចំណេញប្រាក់ជិត៩២លានដុល្លារអាមេរិក
4/
5
Oleh
Unknown