ភ្នំពេញ៖ រុស្ស៊ី ដែលជាប្រទេសសំបូរដោយធនធានប្រេងឥន្ធនៈ និងថាមពល បានប្រកាសថា នឹងជួយប្រទេសកម្ពុជា ក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នេះបើតាមកិច្ចព្រមព្រៀងប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីពេលថ្មីៗនេះ ដោយរុស្ស៊ី នឹងផ្តល់នូវអ្នកជំនាញការស្រាវជ្រាវ និងបណ្តុះបណ្តាដល់ប្រទេសកម្ពុជា នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
ក្រោមកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលរុស្ស៊ី និងកម្ពុជាលើវិស័យជាច្រើន រួមទាំងវិស័យថាមពលនុយក្លេអ៊ែរផងនោះ កាលពីថ្ងៃ អង្គារកន្លងទៅនេះ មន្ត្រីក្រុមហ៊ុនរដ្ឋរុស្ស៊ីបានឲ្យដឹងថា រុស្ស៊ីនឹងជួយដល់កម្ពុជាក្នុងការកសាងសមត្ថភាព ឈានឆ្ពោះទៅសង់រោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ នៅពេលខាងមុខ។ ការឈានឆ្ពោះទៅសង់រោងចក្រថាមពលនុយក្លេអ៊ែរនេះ នឹងជួយដល់កម្ពុជាច្រើនក្នុងការកាត់បន្ថយលើការចំណាយលើថាមពល និងអាចជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។
ប្រទេសកម្ពុជាបាននាំចូលប្រេងឥន្ធនៈនិងថាមពលពីប្រទេសក្រៅ ដោយតម្លៃអគ្គិសនីនៅកម្ពុជា គឺស្ថិតក្នុងចំណោមតម្លៃថ្លៃបំផុត នៅអាស៊ីអាគ្នេយ៍។ ជាងនេះផងដែរ កម្ពុជាក៏កំពុងស្វែងរកទំហំទឹកប្រាក់វិនិយោគប្រមាណ ៣ពាន់លានដុល្លារ ដើម្បីកសាងទំនប់វារីអគ្គិសនីចំនួនប្រាំមួយ នៅឆ្នាំ ២០១៨ ស្របជាមួយនឹងកំណើនតម្រូវការប្រជាជនកើនឡើងឥតឈប់ឈរ។
គូសបញ្ជាក់ដែរថា កម្ពុជាចាំបាច់ណាស់ ក្នុងការកសាងទំនប់វារីអគ្គិសនីច្រើនផ្ទាល់ខ្លួន ព្រោះវាជាប្រភពស្នូលដ៏ធំ ក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ ដោយពុំចាំបាច់ពឹងផ្អែក លើការផ្គត់ផ្គង់ពីប្រទេសដទៃ។ បច្ចុប្បន្នប្រទេសជាច្រើន នៅអាស៊ីអាគ្នេយ៍ កំពុងផ្តោតលើការស្រាវជ្រាវ និងដាក់ផែនការជំរុញការសាងសង់រោងចក្រនុយក្លេអ៊ែរនេះដែរ តួយ៉ាងដូចជាវៀតណាម និងហ្វីលីពីន ជាដើម៕
រុស្ស៊ី នឹងជួយសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរ នៅកម្ពុជា
4/
5
Oleh
Unknown