Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

ពេលណា​ទើបស្ត្រី​អាច​រួមភេទ​ម្តងទៀត ក្រោយពេល​ឆ្លងទន្លេ?

ការមានកូន​មិនមែនមានន័យថា​ ជីវិតផ្លូវភេទរបស់អ្នកត្រូវបានបញ្ចប់នោះទេ។ បើទោះបីជាយ៉ាងណា វេជ្ជបណ្ឌិតជាច្រើនបានផ្តល់អនុសាសន៍ឲ្យ​ស្ត្រីរង់ចាំយ៉ាងហោចណាស់ ៦សប្តាហ៍ មុន​ពេល​ចាប់ផ្តើមរួមភេទសាជាថ្មី។ ដោយសារតែ​ទ្វារមាស​ត្រូវរង់នូវការប៉ះពាល់ខ្លាំងនៅពេលសម្រាលកូន ហើយ​ត្រូវការពេលវេលាច្រើន​ដើម្បី​ផ្សះរបួសឲ្យជា​សះស្បើយ​​ដូច​ដើមវិញ។


ជាមួយគ្នានេះផងដែរ ដោយសារតែ​អ័រម៉ូន estrogen មាន​កម្រិតទាប ចំណង់ផ្លូវភេទរបស់ស្ត្រីមានការថយចុះ​ ហើយមាន​លក្ខណៈស្ងួតជាងពេលធម្មតា​ធ្វើឲ្យពិបាក​​រួមភេទ។ អ្នក​ជំនាញ​ភាគច្រើនបាន​ផ្តល់អនុសាសន៍ថា ប្រសិនបើចង់រួមភេទគួរតែប្រើប្រាស់ទឹករំអិល​សម្រាប់ជំនួយ ដើម្បីការពារ​កុំឲ្យមាន​បញ្ហា​កកិតទ្វារមាស។

បញ្ហាមួយទៀត​ដែលត្រូវចង់ចាំទុកក្នុងចិត្ត គឺ​ការ​រួមភេទ​ក្រោយពេលឆ្លងទន្លេរួចអ្នកអាចនឹងមិនមាន​ការមករដូវ ព្រោះអូវ៉ុលកំពុងតែបញ្ចេញ ហើយ​ករណីមាន​​មាន​កូន​អាច​កើត​ឡើង​ទៀត។ ដូច្នេះ​ដើម្បី​ឲ្យមាន​សុវត្ថិភាព អ្នកត្រូវតែ​ធ្វើការពន្យាកំណើត (នេះ​បើតាមការផ្តល់អនុសាសន៍របស់អ្នកជំនាញ)។
លោកវេជ្ជបណ្ឌិត Adam J បាន​ពន្យល់បន្ថែមថា ជម្រើសក្នុងការ​ព្យាលកំណើតមួយចំនួនពិតជាមិនល្អសម្រាប់អ្នកម្តាយនោះទេ។ ដូចជា​ថ្នាំ​គ្រាប់ព្យាល​កំណើត​អាចប្រឈម​នឹង​គ្រោះ​ថ្នាក់ ដោយសារតែ​វា​អាច​បង្អាក់កម្រិតអរម៉ូនរបស់រាងកាយ ហើយប៉ះពាល់ដល់ទឹកដោះដែលត្រូវបំបៅកូនថែមទៀត។ ដូច្នេះមាន​តែ ស្រោម​អនាម័យទេ​ដែលជា​ជម្រើស​ដ៏ល្អ​បំផុត​សម្រាប់គូស្នេហ៍ដែល​ចង់ពន្យាកំណើត៕

មនុស្ស ៦ប្រភេទ​ដែលមិន​គួរ​កោសខ្យល់

កោសខ្យល់! ស្ដាប់​មើល​ទៅ​ហាក់ដូចជា​ធម្មតា ព្រោះ​វា​ក៏​ជា​ទម្លាប់មួយរបស់​ប្រជាជន​ខ្មែរ​យើងដែល​តែងតែ​អនុវត្ត​​នៅ​ពេល​មាន​អារម្មណ៍​ថា ​មិន​សូវ​ស្រួល​ខ្លួន (អារម្មណ៍​ចង់​ឈឺ) ឬ​នៅ​ពេល​កើត​ជំងឺ​ផ្ដាសាយ​នានា។
តើ​អ្នក​ធ្លាប់​គិត​ថា «កោសខ្យល់» នេះ​មាន​ដើម​កំណើត​ពី​ណា​មក​ទេ?
កោសខ្យល់​នេះ​មាន​ដើម​កំណើត​ពី​ប្រទេស​ចិន​មក ដែល​មាន​ពាក្យ​ថា «刮痧 (Gua Sha) » ។ ដូច​គ្នា​ទៅ​ពាក្យ​ជា​ច្រើន​នៅ​ក្នុង​ភាសា​ចិន គឺ​បាន​មក​ពី​ការ​ផ្គុំ​នូវ​ពាក្យ ឬអក្សរ​ចូល​គ្នា បង្កើត​បាន​ជា​ពាក្យ​ថ្មី​មួយ។ យ៉ាង​ណា​មិញ​ពាក្យ «刮痧» ផ្សំឡើង​ពី​អក្សរ «刮» និង «痧» ដែល​ពាក្យ «刮 (Gua)» ប្រែ​បាន​ថា «កោស» និង «痧 (Sha)» ប្រែ​បាន​ថា «ខ្សាច់»។ ជា​ការ​ពិត 痧 ត្រូវ​សរសេរ​ថា 沙 ដែល​មាន​ន័យ​ថា​ខ្សាច់​ដែល​យើង​មើល​ឃើញ​នៅ​មាត់​សមុទ្រ​នោះ​ឯង ប៉ុន្តែ​ត្រូវ​ភាសា​ចិន​អភិវឌ្ឍ​មក​ជា 痧 សម្រាប់​ប្រើ​នៅ​ក្នុង​ភាសា​ពេទ្យ​វិញ។ Sha (痧) គឺ​ជា​គ្រាប់​តូចៗ​ពណ៌​ក្រហម​នៅ​លើ​ស្បែក​បន្ទាប់​ពី​យើង​ធ្វើ​ការ​កោស​នៅ​លើ​ស្បែក។

ការ​កោសខ្យល់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ថ្នាំ​សម្រាប់​ព្យាបាល​នូវ​ប្រភេទ​ជំងឺ​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​យើង​នេះ​ឯង ដោយ​បាន​ចែក​រំលែក​ពី​ប្រទេស​ចិន។ តែ​អ្វី​ដែល​សំខាន់​នោះ​ថា​តើ​មនុស្ស​ប្រភេទ​ណា​មិន​គួរ​នឹង​កោសខ្យល់​នេះ?
១. កុមារ
បញ្ហា​នេះ​ភាគ​ច្រើន​កើត​ឡើង​ចំពោះ​ម្ដាយ​វ័យ​ក្មេង​ដែល​នៅ​ឆ្ងាយ​ពី​ពេទ្យ ឬ​នៅ​តាម​ទី​ជនបទ ពួក​គាត់​មាន​គំនិត​បែប​បុរាណ ដោយ​យល់​ថា​ការ​កោសខ្យល់​ឲ្យ​កុមារ គឺ​ដូច​នឹង​មនុស្ស​ធំដែរ មិន​ប៉ះ​ពាល់​អីទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ការ​កោសខ្យល់​ទៅ​លើ​រាង្គ​កាយ​របស់​កុមារ​មាន​ផល​អវិជ្ជមាន​ជា​ច្រើន​វិញ​ទេ។
អ្នក​ដឹង​ហើយ​ថា​កូន​ក្មេង គឺ​មាន​ស្បែក​ទន់​ខ្សោយ​ណាស់ ប៉ះ​មេរោគ​បន្តិច​មិន​បាន​ផង ឆាប់​កន្ទួល​រមាស់ ឆាប់​ឆ្លង​នូវ​បាក់តេរី​ផ្សេងៗ​យ៉ាង​ងាយ។ ម្យ៉ាង​ទៀត​ចលនា​ឈាម​របស់​កុមារ​ងាយ​រង​នូវ​សម្ពាធ​យ៉ាង​ខ្លាំង​នៅ​ពេល​កុមារ​ទទួល​រង​នូវ​ការ​កោសខ្យល់។
២. ស្ត្រី​មាន​ផ្ទៃពោះ
អ្នកត្រូវចាំថា ក្នុងកាលៈទេសៈណា​ក៏​មិន​ត្រូវ​កោសខ្យល់ដែល ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ។
៣. មនុស្សដែលមានជំងឺបេះដូង
អ្នក​ដែល​មាន​ជំងឺ​បេះដូង​ គឺ​ត្រូវ​ហាម​ជា​ដាច់​ខាត​ក្នុង​ការ​កោសខ្យល់​នេះ។ បើយោងតាម​ក្រុម​គ្រូពេទ្យ​ពេទ្យ​បុរាណ​ថា ចលនា និង​ចង្វាក់​បេះដូង​នឹង​ធ្វើ​បង្ករ​ឲ្យ​មាន​ការ​រលាក។ ការ​កោសខ្យល់​នឹង​ធ្វើ​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដល់​បេះដូង​ជា​ថ្មី​ម្ដង​ទៀត នោះ​គឺ​ជា​រឿង​ដែល​គ្រោះ​ថ្នាក់​បំផុត អាច​ដល់​ការ​ពិការ ឬ​បាត់​បង់​ជីវិត។
៤. មនុស្សដែលមានសម្ពាធឈាមខ្ពស់
ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​មាន​ន័យថា​សរសៃ​ឈាម​រីក​ធំដែរ​នៅ​ពេល​ធ្វើ​ការ​កោសខ្យល់​នោះ។ ហើយ​ការ​កោស​នេះ​អាច​ធ្វើ​អ្នក​ជំងឺ​វៀចមុខវៀចមាត់ និងងងឹត​ភ្នែក។
នៅ​ពេល​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ អ្នក​ជំងឺ​គួរ​តែ​គេង​ចុះ​ឲ្យ​ត្រង់​ដើម្បី​សម្រាក និងញ៉ាំ​នូវ​ថ្នាំ​បន្ថយ​សម្ពាធ​ឈាម​ជា​បន្ទាន់។ កុំ​ចាប់​សរសៃ ឬ​កោសខ្យល់​ឲ្យ​សោះ។
៥. អ្នកដែលមានជំងឺស្បែក ឬរបួសរោគសើស្បែក
នេះ​ក៏​ជា​បញ្ហា​ធំ​ផង​ដែរ ព្រោះ​ពេល​អ្នក​មាន​បញ្ហា​នៅ​លើ​ស្បែក ហើយ​អ្នក​នៅ​បង្ខំ​ធ្វើ​ការ​កោសខ្យល់​ទៀត​នោះ អ្នក​នឹង​ប្រឈម​មុខ​ជា​មួយ​នឹង​បញ្ហា អាឡែរហ្ស៊ី​ស្បែក និង​ងាយ​ឲ្យ​អ្នក​ឆ្លង​មេរោគ​យ៉ាង​លឿន​បំផុត។
៦. អ្នក​ដែល​ឈឺ​កញ្ចឹងក និងស្មា
ការ​ឈឺកញ្ចឹងក និង​ស្មា​អាច​បង្ករ​ឡើង​ដោយសារ​តែ​ការ​គេង​ដោយ​ប្រើ​ខ្នើយ​កើយ​នឹង​ខ្ពស់​ពេក ការ​គេង​ដែល​មាន​ឥរិយាបថ​មិន​ត្រឹមត្រូវ នោះ​ធ្វើ​ឲ្យ​សរសៃ​ឈាម​ឡើង​ដុំ និង​កក​ស្ទះ។ ដូច​នេះ​ការ​កោសខ្យល់​អាច​បង្ករ​ឲ្យ​មាន​ការ​ហូរ​ឈាម​នៅ​ក្រោម​ស្បែក។


គួរដឹង ៖ ច្រណែន​ច្រើន​គួរ​ប្រយ័ត្ន​ជំងឺ​បេះដូង

អ្នកជំនាញនៅសាកលវិទ្យាល័យឈីកាហ្គោ (University of Chicago) សហរដ្ឋអាមេរិកបានធ្វើការសិក្សាទៅលើបុរស-នារី ៣,០០០នាក់ ដោយកត់ត្រាជំងឺប្រចាំកាយ កម្រិតសុខភាព និងជីវភាព ប្រៀបធៀបជាមួយមនុស្សជុំវិញខ្លួន។
លទ្ធផលបានបង្ហាញថា អ្នកដែលមានប្រាក់ចំណូលទាបជាងមនុស្សជុំវិញខ្លួន មានបញ្ហាជំងឺបេះដូងដល់ទៅ ២២% ខណៈដែលអ្នកជីវភាពធូរធារ មានអត្រាប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងដំបៅ។
អ្នកជំនាញបានសន្និដ្ឋានថា ការច្រណែនឈ្នានីស និងភាពតានតឹងដែលបណ្ដាលមកពីជីវភាពទាបជាងមនុស្សជុំវិញខ្លួន អាចអោយសុខភាពបេះដូង និងប្រព័ន្ធការពាររាងកាយចុះទន់ខ្សោយបណ្ដាលអោយកើតជាជំងឺផ្សេងៗបានយ៉ាងងាយ ពិសេសជំងឺបេះដូង៕

ចង់ឲ្យជីវិតអាពាហ៍ពិពាហ៍មាន​សុភមង្គលគួរតែផ្សំដំណេកមួយសប្តាហ៍ ១ដង

មនុស្សជាច្រើនយល់ថា គូស្វាមី​ដែលរួមភេទបាន​ច្រើន​ធ្វើឲ្យជីវិតកាន់តែមាន​ក្តីសុខ។ តែទោះជាយ៉ាងណា ការសិក្សាថ្មីមួយ​បាន​បដិសេធ និង​អះអាងថា អាពាហ៍ពិពាហ៍​ដែលទទួលបាន​ភាពជោគជ័យ និងមាន​សុភមង្គលបំផុត គឺគ្រាន់តែរួម​ភេទ ១ដង ក្នុងមួយសប្តាហ៍។
ដោយផ្អែកទៅលើការស្ទង់មតិមនុស្សប្រមាណជា ៣០.០០០ នាក់​ដែលមាន​អាយុ​លើសពី ៤០ឆ្នាំ អ្នក​ស្រាវជ្រាវ​បាន​រកឃើញថា កម្រិត​នៃសុភមង្គលរបស់គូស្នេហ៍អាស្រ័យទៅ​លើការ​រួមភេទ ១ដង​ក្នុងមួយសប្តាហ៍។ ការស្រាវជ្រាវ​បាន​បញ្ជាក់ថា នេះជារឿងសំខាន់ដែលអាចរក្សាទំនាក់ទំនង​ស្នេហាជាមួយនឹងដៃគូ​របស់អ្នកឲ្យបាន​ជិតស្និត​បំផុត។
អ្នកជំនាញ Amy Muise ដែលជាអ្នកដឹកនាំការសិក្សានៃសាកលវិទ្យាល័យ Toronto-Mississauga ប្រទេសកាណាដា បាន​សង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណា អ្នកមិនត្រូវ​រួមភេទ​ជារៀងរាល់​ថ្ងៃនោះទេ។
ក្នុងការស្ទង់មតិរបស់អ្នកស្រាវជ្រាវមក​ពីសាលកវិទ្យាល័យ ឈីកាហ្គោ (អាមេរិក) បាន​វិភាគលើ​ប្រេកង់នៃឥរិយាបទផ្លូវភេទ និងសុខុមាលភាព​ទូទៅនៃជនជាតិ​អាមេរិកជាង ២៥.០០០ នាក់​ ក្នុងនោះមានបុរស ១១.២៨៥ និងស្ត្រី ១៤.២២៥ នាក់ ក្នុងអំឡុងឆ្នាំ ១៩៨៩ ដល់ ២០១២។ លទ្ធផលបាន​បង្ហាញថា សម្រាប់ប្តីប្រពន្ធដែលរួមភេទញឹកញាប់មាន​សុភមង្គល​កាន់តែ​ខ្លាំង ប៉ុន្តែឥទ្ធិពលរបស់វា​មិនស្មើនឹងគូស្នេហ៍ដែលរួមភេទ​ ១ដង​ក្នុងមួយសប្តាហ៍នោះទេ។
ដូចគ្នានេះផងដែរ​ អ្នកជំនាញបាន​សម្គាល់ឃើញថា មិនមែនមានន័យថា​ប្តីប្រពន្ធត្រូវរួមភេទមួយថ្ងៃ ១ដងនោះទេ ពួកគេអាចរួមភេទមួយសប្តាហ៍តិច​មួយសប្តាហ៍ច្រើន​ក្នុង​កម្រិត​មធ្យម អាស្រ័យទៅលើ​ការពិភាក្សារវាងគូស្វាមី៕

ការចម្លង​វីរុស Chikungunya របស់​សត្វ​មូស​អាច​ឲ្យ​កើត​ជម្ងឺ​រលាក​ខួរក្បាល, ស្លាប់

ការសិក្សា​កន្លង​មក​រក​ឃើញ​ថា​ការ​ចម្លង​វីរុស Chikungunya របស់​មូស​នោះ​គឺ​បណ្ដាល​ឲ្យ​កើត​ជម្ងឺ​គ្រុនក្ដៅ និង​ការ​ឈឺ​ចុក​ចាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​សិក្សា​ថ្មី​វិញ​បាន​បង្ហាញ​ថា​វា​អាច​នាំ​ឲ្យ​មាន​ការ​រលាក​នៅ​ក្នុង​ខួរក្បាល និង​អាច​ស្លាប់​បាន​នៅ​លើ​មនុស្ស​មួយ​ចំនួន។
នៅ​ក្នុង​ការ​ស្រាវជ្រាវ, អ្នក​ស្រាវជ្រាវ​បាន​មើល​ទៅ​លើ​ការ​រីករាលដាល​នៃ​មេរោគ​នៅ​លើ​ប្រជុំ​កោះ​មួយ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា ដែល​នៅ​ជិត​ម៉ាដាហ្គាស្ការ (Madagascar)  ចាប់​តាំង​ពី​ឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៦ និង​បង្ករ​ឱ្យ​មនុស្ស បីរយពាន់ (៣០០,០០០) នាក់ ធ្លាក់​ខ្លួន​ឈឺ។ ជា​លទ្ធផល​នៃ​ការ​ឆ្លង​មេរោគ​របស់​ពួក​គេ​ធ្វើ​ឱ្យ​មនុស្ស ២៤​នាក់​អភិវឌ្ឍ​រោគ​រលាក​ខួរក្បាល ដែល​ជា​ការ​រលាក​នៃខួរក្បាល, និង ៤នាក់​ផ្សេង​ទៀត​បាន​ស្លាប់​បាត់​បង់​ជីវិត។
រោគ​រលាក​ខួរ​ក្បាល​ពី​វីរុស Chikungunya នេះ​គឺ​ទូទៅ​បំផុត​ក្នុង​ចំណោម​ទារក​ដែល​មាន​អាយុ​តិច​ជាង ១ខួប និង​មនុស្ស​មាន​អាយុ ៦៥ ឡើង​ទៅ។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ។
នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​លោក​វេជ្ជបណ្ឌិត  Dr. Patrick Gérardin មក​ពី​សាកល​វិទ្យា​ល័យ  Central University Hospital in Saint Pierre,  Reunion Island បាន​បង្ហាញ​ថា «អត្រា​នៃ​រោគ​រលាក​ខួរក្បាល​មាន​អត្រា​ខ្ពស់​ជាង អត្រា​រលាក​ខួរក្បាល​នៅ​សហរដ្ឋអាមេរិក នៅ​ចន្លោះ​អាយុ​ប៉ុណ្ណឹង នៅ​ពេល​ដែល​យើង​រាប់​បញ្ចូល​នូវ​មូលហេតុ​ទាំង​អស់​នៃ​រោគ​រលាក​ខួរក្បាល​នេះ»។
វីរុស Chikungunya នេះ​ត្រូវ​បាន​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​មូស​នេះ​ឯង។ ហើយ​រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​មនុស្ស​ម្នាក់​បាន​ឆ្លង​នូវ​មេរោគ​នេះ​នោះ​គឺ​មាន​អាការៈ​គ្រុនក្ដៅ និង​ឈឺ​សន្លាក់​ព្រម​ជា​មួយ​នឹង​ការ​ឈឺ​សាច់​ដុំ ហើម​សន្លាក់ និង​កន្ទួល នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជម្ងឺ (Centers for Disease Control and Prevention) ហៅ​កាត់​ថា «CDC» ។ មនុស្ស​ភាគច្រើន​អាច​មាន​ស្រួល​ខ្លួន​ឡើង​វិញ​ក្នុង​រយៈ​ពេល ១សប្ដាហ៍ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត អាច​ដល់​ខែ ឬ​ឆ្នាំ​ផង។
នា​ពេល​បច្ចុប្បន្ន​នេះ​នូវ​ពុំ​ទាន់​មាន​ថ្នាំ​វ៉ាក់សាំ​ការពារ​នូវ​វីរុស​ប្រភេទនេះ​ទេ ឬ​ថ្នាំ​ព្យាបាល​ការ​ឆ្លង​នៃ​វីរុស​ប្រភេទ​នេះ​ដែរ នេះ​បើ​យោង​តាម CDC បញ្ជាក់។ មនុស្ស​ដែល​ផ្ទុក​មេរោគ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ថ្នាំ​គ្រុន​ក្ដៅ និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​ប៉ុណ្ណ។ ហើយ​ប្រសិន​បើ​មនុស្ស​ណា​ដែល​អភិវឌ្ឍ​ដល់​ការ​រលាក​ខួរក្បាល​នោះ​គេ​នឹង​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ខួរក្បាល​តែ​ម្ដង។
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បន្ត​ថា ការ​ផ្ទុះ​នៃ​វីរុស  Chikungunya បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៃ​ពិភពលោក​រួម​ទាំង​ទ្វីប​អាហ្វ្រិក អាស៊ី និង​កោះ Caribbean។ ហើយ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជំងឺ​នេះ​ត្រូវ​បាន​រីក​រាលដាល​ទៅ​កាន់​តំបន់​ថ្មី​។ កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៥ ជាង ៧ពាន់​ ករណី​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​នេះ​បើ​យោង​តាមCDC ។
បើ​យោង​តាម CDC នៅក្នុង​ឆ្នាំ ២០១៥ នេះ មាន​ការ​ឆ្លង​វីរុស  Chikungunya រហូត​ដល់ ៥៧១ ករណី​ត្រូវ​បាន​រាយការណ៍ ដែល​ក្នុង​នោះ​មាន ២៤ករណី​នៅក្នុង​សហរដ្ឋ​អាមេរិក រួម​បញ្ចូល​ទាំង​ករណី​នៅ​កន្លែង​ផ្សេងៗ​ទៀត។ ហើយ​មាន ១៩៦ករណី​ទៀត​ស្ថិត​នៅ​ក្នុង  Puerto Rico និង​កោះ Virgin។
អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ក្នុង​ចំណោម​កុមារ​ដែល​បាន​ឆ្លង​មេរោគ​នេះ​គឺ​អភិវឌ្ឍន​ទៅ​រក​ជម្ងឺ​រលាក​ខួរក្បាល និង​អាច​ក្លាយ​ជា​ពិការ ការផ្លាស់ប្ដូរ​អាកប្បកិរិយា និង​បញ្ហា​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការ​ចងចាំ។
Gérardin បាន​និយាយ​ថា «ផលវិបាក​នៃ​រោគ​រលាក​ខួរ​ក្បាល​នេះ​ហាក់​ដូច​ជា​បង្ក​គ្រោះថ្នាក់​ជា​ពិសេស​នៅ​ក្នុង​ទារក​ទើបនឹង​កើត» ។
យោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​នេះ (25 ខែ​វិច្ឆិកា​) នៅ​ក្នុង​កាសែត Neurology បង្ហាញ​ថា «ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ដែល​ត្រូវ​បាន​ឆ្លង​មេរោគ​នេះ និង​ការ​អភិវឌ្ឍន៍​រោគ​ រលាក​ខួរ​ក្បាល​ដែល​ជា​លទ្ធផល​នៃ​ការ​ឆ្លង​មេរោគ​នេះ, ពិការ​រួម​បញ្ចូល​ទាំង​ជំងឺ​វង្វេង និង​ជំងឺ​ឆ្កួតជ្រូក» ។

អ្នក​ជំនាញ​​ថា ប្រជាជន​ខ្មែរ​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នឹង​​​កើន​ឡើង​​រហូត​ទៅ​ដល់​បី​សែន​នាក់


រាជធានី​ភ្នំពេញ​៖​ អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​លើក​ឡើង​ថា  ប្រជាជន​ខ្មែរ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម នឹង​មាន​ចំនួន​កើន​រហូត​ទៅ​ដល់​៣០០.០០០​នាក់​ (បី​សែន​នាក់) ប្រសិន​បើ​គ្មាន​វិធានការ​ទប់ស្កាត់​ទេ​នោះ។ នេះ​បើ​យោងតាម​​​ប្រភព​​ពី​សារព័ត៌មាន​ជាតិ AKP។

តាម​ការ​ដកស្រង់​សម្ដី​របស់​​លោក​ស្រី ង្វៀន ធីង៉ុក មីញ (NGUYEN THI NGOC Minh)​ នាយិកា​ក្រុម​ហ៊ុន​ សា​ណូ​ហ្វី​កម្ពុជា បាន​លើក​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ម ម្សិញមិញ​នេះ ​នៅ​​​ទិវា​ជំងឺ​ទឹក​នោម​ផ្អែម​ពិភព​លោក ក្នុង​រាជធានី​ភ្នំពេញ​ ​ ​ឲ្យ​ដឹង​ថា​ ជំងឺ​ទឹក​នោម​ផ្អែម​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ដែល​មនុស្ស​យើង​ងាយ​នឹង​កើត​មាន ដោយ​មិន​ដឹង​ខ្លួន។ 

​លោក​ស្រី​​បន្ត​​ថា ជំងឺ​ទឹក​នោម​ផ្អែម​​គឺ​បណ្ដាល​មក​ពី​ការ​បរិភោគ​អាហារ  ដែល​មាន​កាឡូរី​ខ្ពស់​ដោយ​មិន​មានការ​ហាត់​ប្រាណ ការ​ជក់​បារី ឬ​សេព​សុរា​ច្រើន​លើស​លប់ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន​ពេកបណ្ដាល​ឲ្យ​លើស​ទម្ងន់ ​នឹង​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ 

តាម​របាយការណ៍​របស់​អង្គការ IDF ក្នុង​ឆ្នាំ​២០១៤​ បាន​បង្ហាញ​ថា​ រយៈពេល​៥០​ឆ្នាំ​​​ចុង​ក្រោយ​នេះ​ សន្ទុះ​នៃ​ការ​កើន​ឡើង​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ភាព​ឆាប់​រហ័ស ដែល​អ្នក​ជំងឺ​វ័យ​កណ្ដាល​មាន​រហូត​ដល់​ទៅ​៤០០​លាន​នាក់​។ 
ការ​សិក្សា​វាស់​ស្ទង់​ក៏​បាន​បង្ហាញ​ថា ចំនួន​អ្នក​ជំងឺ​​ទឹក​នោម​ផ្អែម​ នឹង​កើន​រហូត​ដល់​៥៩២​លាន​នាក់​ នៅ​ត្រឹម​ឆ្នាំ​​២០៣៥ ដែល​ចំនួន​នេះ​ប្រហែល​៥៣​ភាគរយ​លើស​​ពី​ស្ថិតិ​ឆ្នាំ​២០១៤ ហើយ​រដ្ឋាភិបាល និង​អង្គការ​នានា ​បាន​សហ​ការ​គ្នា​យ៉ាង​ជិតស្និទ្ធ ដោយ​ខិតខំ​ប្រឹងប្រែង​​ធ្វើ​ការ​អប់រំ​​ឲ្យ​​សាធារណ​ជន​ទាំង​អស់ មាន​ការ​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត ​ចំពោះ​ការ​ទទួល​ទាន​អាហារ​មិនបាន​ត្រឹម​​ត្រូវ​ ការ​គ្រប់គ្រង​អាហារ​មាន​កា​ឡូរី​ខ្ពស់​ជា​ដើម​។

យោង​តាម​ផ្នែក​ជំនាញ​បាន​បង្ហាញ​ថា ប្រសិន​បើ​អ្នក​លើស​គីឡូ​ឆាប់​អស់​កម្លាំង បែកញើស​ច្រើន​ឧស្សាហ៍​ឈឺ​ក្បាល វិលមុខ ស្រ​វាំង​ភ្នែក ទទួល​ទាន​អាហារ និង​ទឹក​ច្រើន ឬ​បត់​ជើង​តូច​ញឹកញាប់​ ជាពិសេស​នៅ​ពេល​យប់​អ្នក​គួរ​គប្បី​ប្រញាប់​ទៅ​ជួប​អ្នក​ជំនាញ ឬ​គ្រូ​ពេទ្យ​ជា​បន្ទាន់។ 

​ហើយ​ប្រ​សិ​ន​​បើ​អ្នក​មិន​មាន​វិធាន​ការ​ទប់ស្កាត់ និង​ថែទាំ​សុខភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ ជំងឺ​ទឹក​នោម​ផ្អែម​អាច​គំរាម​កំហែង និង​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​រហូត​បាត់​បង់​ជីវិត៕